
រដ្ឋបាលខេត្តកណ្ដាលប្រកាសផ្អាកចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ១ និងតាមបណ្ដោយដងទន្លេមេគង្គក្នុងឱកាសពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
ខេត្តកណ្ដាល៖ នៅថ្ងៃអាទិត្យ ទី០៤ ខែសីហានេះ រដ្ឋបាលខេត្តកណ្តាល ជូនដំណឹងដល់សាធារណជន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ថា៖ ដោយពិនិត្យឃើញស្ថានភាពចរាចរជាក់ស្តែង នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្តាល នឹងធ្វើការបិទចរាចរណ៍មធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីស្តុបបំបែកខ្នែងផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រង់កំពង់ផែស្វយ័តក្រុងភ្នំពេញ គ.ម៣០+១៤០ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ រហូតដល់ចំណុចអ្នកលឿង ត្រើយខាងលិច និងបិទការធ្វើនាវាចរគ្រប់ប្រភេទតាមបណ្តោយដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រទឹកដីខេត្តកណ្តាល ចាប់ពីម៉ោង ០០:០០ កណ្តាលអធ្រាត្រ រហូតដល់ម៉ោង ១២:០០ ថ្ងៃត្រង់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
រដ្ឋបាលខេត្តកណ្ដាលបញ្ជាក់ថា ចំពោះមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទដែលមានបំណងធ្វើដំណើរចូលរាជធានីភ្នំពេញ អាចធ្វើចរាចរណ៍ចេញពីផ្លូវជាតិលេខ១ ពីអ្នកលឿងត្រើយខាងកើត វាងតាមផ្លូវជាតិលេខ១១ ដល់រង្វង់មូលស្វាយអន្ទរ បន្តមកផ្លូវជាតិលេខ៨ ដល់ស្ពានព្រែកតាមាក់ ឆ្លងចូលផ្លូវជាតិលេខ៦ និងអាចបន្តធ្វើដំណើរតាមមហាវីថីឈ្នះ-ឈ្នះ ឆ្ពោះមកផ្លូវជាតិលេខ៥។ ចំពោះមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ពីរាជធានីភ្នំពេញទៅ អ្នកលឿង អាចវាងត្រឡប់តាម ទិសដៅដូចបានរៀបរាប់ខាងលើផងដែរ៕