រាជធានីភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០២ ខែសីហានេះថា៖ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើងមានឈ្មោះថា ក្រុមលីអូហោះ (LH) និង ក្រុមស៊ីខេកាហ្វេកុង(CK) មានគ្នាចំនួនប្រហែល២០ ទៅ៣០នាក់ បានធ្វើយកដុំថ្មគប់ទៅលើក្រុមក្មេងទំនើងផ្សេងទៀតដែលមានជម្លោះជាមួយគ្នា បណ្តាលឱ្យត្រូវជនរងគ្រោះម្នាក់ រងរបួសត្រូវចំកជើងខាងឆ្វេង និងធ្វើឱ្យបែកកញ្ចក់ទ្វារផ្ទះរបស់ជនរងគ្រោះបន្ថែមទៀត នៅចំណុចផ្ទះលេខ១៧៣ លើផ្លូវលេខ១៣២ ក្រុម១០២ ក្នុងភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០១ និង៥៥ នាទីយប់ រួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនអស់។
ក្រោយមកនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចក៏បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់រួមមាន ១.ឈ្មោះ មករា រ៉ាមីត ហៅឡែត ភេទប្រុស អាយុ១៩ឆ្នាំ ២. ឈ្មោះ រ៉ាន់ សុវណ្ណរាជ ភេទប្រុស អាយុ១៩ឆ្នាំ ៣.ឈ្មោះ នេត សុបញ្ញា ហៅ ស្ទីក ភេទប្រុស អាយុ១៩ឆ្នាំ និង៤. ឈ្មោះ លឹម លីហេង ហៅ ហេង ភេទប្រុស អាយុ១៧ឆ្នាំ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។
ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០៤ នាក់ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៧៣ លើផ្លូវលេខ១៣២ ក្រុម១០២ ក្នុងភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ មាត្រា ៤១០ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ៕