កូរ៉េខាងជើងចង់ចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរឡើងវិញ ប្រសិនបើលោក ដូណាល់ ត្រាំ ជាប់ជាប្រធានាធិបតីអាមេរិក
អន្តរជាតិ៖ កូរ៉េខាងជើងចង់បើកកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកឡើងវិញ ក្នុងករណីដែលលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតជាប្រធានាធិបតីនាការបោះឆ្នោតខែវិច្ឆិកាខាងមុខ ដែលកូរ៉េខាងជើងក៏កំពុងធ្វើការងារលើយុទ្ធសាស្ត្រចរចាថ្មីមួយ។ នេះបើតាមប្រភពពីមន្រ្តីការទូតជាន់ខ្ពស់របស់កូរ៉េខាងជើងម្នាក់ថ្លែងប្រាប់សារព័ត៌មាន រ៉យទ័រ។
គួរបញ្ជាក់ថា ការរត់គេចខ្លួនរបស់ លោក រី អ៊ីលឃ្យុ (Ri Il Gyu) ចេញពីប្រទេសគុយបាបានធ្វើឱ្យមានការចាប់អារម្មណ៍ទូទាំងពិភពលោកកាលពីខែមុន។ លោកគឺជាអ្នកការទូតកូរ៉េខាងជើងមានឋានៈខ្ពស់បំផុត ដែលបានចាកចេញទៅកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ២០១៦មក។ នៅក្នុងបទសម្ភាសន៍លើកដំបូងរបស់គាត់ជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ លោក Ri និយាយថា កូរ៉េខាងជើងបានកំណត់យករុស្ស៊ី អាមេរិក និងជប៉ុន ជាអាទិភាពនៃកិច្ចការគោលនយោបាយការបរទេសរបស់ខ្លួនសម្រាប់ឆ្នាំ២០២៤នេះ ក៏ដូចជាឆ្នាំបន្តបន្ទាប់ខាងមុខ។
មន្រ្តីជាន់ខ្ពស់រូបនេះបន្តថា ក្នុងអំឡុងពេលដែលកូរ៉េខាងជើងកំពុងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី រដ្ឋាភិបាលក្រុងព្យុងយ៉ាងក៏មានបំណងចង់បើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញ ប្រសិនបើអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឈ្នះឆ្នោតជាប្រធានាធិបតីសាជាថ្មីនាការបោះឆ្នោតខែវិច្ឆិកាខាងមុខ។ រដ្ឋាភិបាលកូរ៉េខាងជើងមានបំណងកំពុងរៀបចំផែនការយុទ្ធសាស្ត្រលើកិច្ចចរចានេះ ក្នុងគោលបំណងឱ្យមានការដកទណ្ឌកម្មលើកម្មវិធីសព្វាវុធ និងការលុបចោលនូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាដើម។
កិច្ចប្រជុំកំពូលរវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នៅក្នុងប្រទេសវៀតណាមកាលពីឆ្នាំ២០១៩ មិនបានលទ្ធផលអ្វីជាផ្លែផ្កានោះឡើយ ដែលលោក Ri បានលើកឡើងថា វាជាកំហុសឆ្គងមួយផ្នែករបស់មេដឹកនាំកូរ៉េខាងជើង ដែលបានផ្តល់ការទុកចិត្តដល់មេបញ្ជាការយោធាដែលគ្មានបទពិសោធន៍ណាមួយទាល់តែសោះលើផ្នែកការទូតនុយក្លេអ៊ែរ៕