ឥណ្ឌូណេស៊ីអនុវត្តបទប្បញ្ញត្តិដែលតម្រូវឱ្យអ្នកអាចទិញបារីបានលុះត្រាតែមានអាយុចាប់ពី២១ឆ្នាំឡើងទៅ
ឥណ្ឌូណេស៊ី៖ ប្រទេសឥណ្ឌូណេស៊ីបានសម្រេចដំឡើងកម្រិតអាយុអប្បបរមាសម្រាប់អ្នកទិញបារី ដែលកាលពីមុនមនុស្សអាយុចាប់ពី១៨ឆ្នាំឡើងទៅទើបអាចទិញបារីបាន ខណៈរដ្ឋាភិបាលបានសម្រេចតំឡើងអាយុបន្ថែម ពោលគឺអ្នកដែលមានអាយុ២១ឆ្នាំឡើងទៅទើបអាចទិញបារីបាន។ វិធានការថ្មីនេះត្រូវបានគេឃើញថាជាការទប់ស្កាត់គ្រោះថ្នាក់បណ្ដាលមកពីការជក់បារី ត្បិតឥណ្ឌូណេស៊ីជាប្រទេសដែលមានអត្រាអ្នកជក់បារីខ្ពស់បំផុតមួយក្នុងពិភពលោក។
បើតាមការស្ទង់មតិមួយរបស់អង្គការសុខភាពពិភពលោកកាលពីឆ្នាំ២០២១ ឥណ្ឌូណេស៊ីគឺជាប្រទេសផលិតថ្នាំជក់កំពូលមួយរបស់ពិភពលោក ហើយក្នុងចំណោមប្រជាជនសរុបជាង ២៧០លាននាក់ ឥណ្ឌូណេស៊ីមានមនុស្សពេញវ័យជាង ៧០លាននាក់ជាអ្នកជក់បារី។
នៅក្នុងបទប្បញ្ញត្តិថ្មីរបស់រដ្ឋាភិបាលដែលចុះហត្ថលេខាដោយប្រធានាធិបតី Joko Widodo កាលពីសប្តាហ៍មុន ឥណ្ឌូណេស៊ីបានកំណត់ថាមនុស្សដែលមានវ័យ ២១ឆ្នាំឡើងទៅទើបមានសិទ្ធិទិញបារីបាន និងហាមឃាត់ការលក់តែបារីតែមួយដើម ឬបារីដែលមានតម្លៃថោកខ្លាំងនៅតាមតូបតូចៗក្នុងតំបន់។ គួរបញ្ជាក់ថា បទប្បញ្ញត្តិនេះមានគោលបំណងកាត់បន្ថយអត្រានៃអ្នកជក់បារី និងកុំឱ្យយុវវ័យអាចឆាប់ជក់បារីខ្លាំងពេក ដែលក្នុងបទប្បញ្ញត្តិនេះក៏មានការហាមឃាត់មិនឱ្យលក់បារីក្នុងចម្ងាយ ២០០ម៉ែត្រពីសាលារៀន ឬសួនកម្សាន្ត ដែលបទប្បញ្ញត្តិនេះចូលអនុវត្តជាធរមានភ្លាមៗតែម្តង។
ក្រសួងសុខាភិបាលឥណ្ឌូណេស៊ីធ្លាប់បង្ហាញលទ្ធផលនៃការស្ទង់មតិមួយកាលពីឆ្នាំ២០២៣ថា ក្នុងចំណោមអ្នកជក់បារីជាង ៧០លាននាក់ក្នុងប្រទេសឥណ្ឌូណេស៊ី មាន ៧,៤ភាគរយស្ថិតក្នុងអាយុចន្លោះពី ១០ឆ្នាំទៅ ១៨ឆ្នាំ ខណៈមនុស្សដែលមានអាយុចន្លោះ ១៥-១៩ឆ្នាំគឺជាអ្នកជក់បារីច្រើនបំផុត។ បទប្បញ្ញត្តិថ្មីនេះក៏ហាមឃាត់ការលក់បារីធម្មតា និងបារីអេឡិចត្រូនិកលើកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រនិក E-commercial និងគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលអ្នកអាចទិញបានលុះត្រាតែមានការផ្ទៀងផ្ទាត់អាយុជាមុនសិន៕