ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC)បានរៀបចំគណៈប្រតិភូមកពីតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) មកទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី៣០ ដល់៣១ ខែកក្កដា កន្លងទៅដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងហុងកុង។
មានមេដឹកនាំអន្តរជាតិនៃក្រុមហ៊ុនចិនដីគោក និងសហគ្រាសហុងកុងចំនួន៣០ និងក្រុមហ៊ុនសាជីវកម្មដែលកំពុងប្រត្តិបត្តិការផ្នែកហិរញ្ញវត្ថុនិងធានារ៉ាប់រង នវានុវត្ត និងបច្ចេកវិទ្យា សេវាកម្មវិជ្ជាជីវៈ ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូននិងភស្ភុភា ថាមពល និងបដិសណ្ឋារកិច្ច។
ថ្លែងក្នុងពិធីអាហារថ្ងៃត្រង់ធុរៈកិច្ចនៅសណ្ឋាគារសូហ្វីតែលភ្នំពេញនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ថា ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) លោក Peter K N Lam បានថ្លែងថា គោលបំណងនៃការរៀបចំបេសកកម្មនេះគឺស្វែងរកឱកាស និងបង្កើតទំនាក់ទំនងដែលនឹងពង្រឹងភាពជាដៃគូរវាងប្រទេសកម្ពុជា និងហុងកុង ដោយសារមានការចាប់អារម្មណ៍ចំពោះកំណើនសេដ្ឋកិច្ច និងការខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីកំណើនសេដ្ឋកិច្ចរឹងមាំ ការអភិវឌ្ឍវិស័យឯកជន និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុងលោក Jonh Lee បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រវិនិយោគិន និងធុរជនហុងកុងនាពេលកន្លងមក និងថាការធ្វើដំណើរទស្សនកិច្ចនៅកម្ពុជាពេលនេះគឺដើម្បីពង្រឹងចំណងទំនាកទំនងតំបន់រដ្ឋបាលពិសេសហុងកុង និងកម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងការតភ្ជាប់ប្រជាជន។
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញអំពីសក្តានុពលរបស់កម្ពុជាដែលមានសន្ដិភាព និងស្ថេរភាពសង្គម នយោបាយ អតិផរណាទាបដែលធានាដល់ការធ្វើវិនិយោគរបស់ធុរជនទាំងអស់។ ក្រៅពីនោះក៏បានលើកឡើងពីគម្រោងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម ដែលជួយយ៉ាងច្រើនដល់ធុរជនក៏ដូចជាការអភិវឌ្ឍន៍កម្ពុជាផង។ លោកក៏បានប្រកាសលេខទូរស័ព្ទផ្ទាល់ខ្លួន និងជំរុញដល់វិនិយោគិនហុងកុងកុំស្ទាក់ស្ទើនឹងទាក់ទងមកលោកប្រសិនជាចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជា។
ជាមួយនឹងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ BRI ឈានចូលដល់ទស្សវត្សទី២របស់ខ្លួន ហើយចំពេលកិច្ចសហប្រតិបត្តិការក្នុងតំបន់កាន់តែធំដែលសម្របសម្រួលដោយកិច្ចបព្រមព្រៀង ដូចជាភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ RCEP ហុងកុងនឹងបន្តដើរតួនាទីរបស់ខ្លួនជាអ្នកតភ្ជាប់ទីផ្សារប្រទេសចិនកាន់តែទូលំទូលាយជាមួយអាស៊ាន និងពិភពលោក។
ប្រធានសភាពាណិជ្ជកម្មកម្ពុជាអ្នកឧកញ៉ា គិត ម៉េង យល់ថាការចូលរួមរបស់វិនយោគិនហុងកុងនឹងជួយឱ្យកម្ពុជាសម្រេចបានកំណើនសេដកិច្ចក្នុងឆ្នាំ២០២៤តាមការព្រៀងទុក ខណៈលោកមើលឃើញថាការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងហុងកុងសម្រេចបានប្រមាណ ១ពាន់លានដុល្លាររៀងរាល់ឆ្នាំ។ លោកស្នើដល់អ្នកវិនិយោគហុងកុងទាំងអស់ចូលរួមស្វែងរកឱកាសវិនិយោគនៅកម្ពុជាដោយបានលើកឡើងពីភាពងាយស្រួលនៃការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសនេះដោយសារកម្ពុជាមានច្បាប់វិនិយោគដែលធានាដល់ការរក្សាបានពាណិជ្ជកម្ម ភាពច្បាស់លាស់នៃពន្ធដារ និងតម្លាភាពផងដែរ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) គឺជាស្ថាប័នច្បាប់មួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៦ ដើម្បីលើកកម្ពស់ គាំទ្រ និងអភិវឌ្ឍពាណិជ្ជកម្មរបស់ហុងកុង។ ជាមួយនឹងការិយាល័យចំនួន៥០ទូទាំងពិភពលោក រួមទាំង១៣ការិយាល័យនៅក្នុងប្រទេសចិនដីគោក HKTDC ផ្សព្វផ្សាយពីទីក្រុងហុងកុងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគពិភពលោកពីរផ្លូវ ដោយរៀបចំឱ្យមានការតាំងពិព័ណ៌អន្តរជាតិ សន្និសីទ និងបេសកម្មអាជីវកម្ម ដើម្បីបង្កើតឱកាសអាជីវកម្មសម្រាប់ក្រុមហ៊ុន ជាពិសេសសហគ្រាសធុនតូច និងមធ្យម SMEs នៅក្នុងទីផ្សារដីគោក និងអន្តរជាតិ ក៏ដូចជាផ្ដល់នូវចក្ខុវិស័យអំពីទីផ្សារថ្មីៗ និងព័ត៌មានផលិតផលតាមរយៈរបាយការណ៍ស្រាវជ្រាវ និងបណ្ដាញព័ត៌មានឌីជីថលផងដែរ៕