
នាយករដ្ឋមន្ត្រីកម្ពុជាចូលរួមរំលែកទុក្ខដល់គ្រួសារយោធិនអាកាសយានិកពលីដោយឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃអង្គារ៍ ទី២០ ខែកក្កដានេះ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារសពលោកវរសេនីយ៍ទោ ខេង ឆៃយុត និងលោកវរសេនីយ៍ទោ ស៊ុន ផល្លា យោធិនអាកាសយានិកនៃកងយុទ្ធពលខេមរភូមិន្ទដែលបានពលីនៅក្នុងពេលបំពេញបេសកកម្មហ្វឹកហ្វឺន ហោះហើរដោយជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ Z9 កាលពីថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
នៅក្នុងលិខិតដ៏ក្រៀមក្រំមួយផ្ញើជូនលោកស្រី ឆែម កល្យាណ និងអ្នកនាង ខាន់ ចាន់ធុល ព្រមទាំងក្រុមគ្រួសារ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ នៅពេលបានទទួលដំណឹងមរណភាពរបស់អាកាសយានិកទាំងពីរ។ សម្តេចធិបតី បានលើកឡើងថាការបាត់បង់ដ៏ធំធេងមិនត្រឹមតែចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ ថែមទាំងចំពោះប្រទេសជាតិផងដែរ ព្រោះអាកាសយានិកទាំងពីរនាក់គឺជាទាហានដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន។
«ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោកស្រី ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាអាកាសយានិក នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ក្នុងអង្គភាព និងសូមសម្តែងសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រោះការបាត់បង់ អនុសេនីយ៍ឯក ខេង ឆៃយុទ្ធ គឺជាការបាត់បង់ស្វាមី ដែលប្រកបទៅដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាការ បាត់បង់ឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូន ហើយក៏ជាការបាត់បង់អាកាសយានិកដ៏មានបទពិសោធន៍ អង់អាចក្លាហាននៃកងយោធពលខេមរភូមិន្ទ ដោយបានរួមចំណែកក្នុងពលិកម្មដ៏មោះមុត ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីជារៀងរហូតមក»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបួងសួងដល់វិញ្ញាណក្ខន្ធនៃអាការយានិកដែលបានទទួលមរណៈភាព សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕