ពោធិសាត់៖ បញ្ហាអាកាសធាតុគឺជាឧបសគ្គដ៏ធំក្នុងប្រតិបត្តិការទៅទទួលយកសាកសពរបស់អ្នកជំនាញហោះហើរដែលបានបាត់ខ្លួនគឺលោក ខេង ឆៃយុទ្ធ និងលោក ស៊ុន ផល្លា។ នេះបើតាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងសន្និសីទសារព័ត៌មានពីសមូរភូមិរុករកឧទ្ធម្ភាគចក្រ និងអាកាសយានិកដែលបានបាត់ខ្លួនពីឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ឥត សារ៉ាត់ បានបញ្ជាក់ថា «រកឃើញសពទាំងពីរហើយ ប៉ុន្តែឥឡូវនេះ ខ្ញុំបានជំនុំគ្នា ហើយបានបញ្ជាទៅដើម្បីថាឱ្យយន្តហោះឡើងទៅយកសពភ្លាមៗ ប៉ុន្តែឥឡូវនេះគឺឆ្លើយមកវិញថាអត់ឡើងទៅបាន ដោយសារភ្លៀងហើយពពកបិទជិត ហើយចូលអត់បានសោះ»។ លោកបានគូសបញ្ជាក់បន្ថែមថា ការដឹកជញ្ជូនសពចេញពីកន្លែងឧទ្ធម្ភាគចក្រធ្លាក់ទៅកន្លែងឧទ្ធម្ភាគចក្រចុះចតដើម្បីទទួលសពនោះមានចម្ងាយ ១គីឡូកន្លះ ហើយមេឃអ័ព្ទមើលគ្នាពុំឃើញទេ។ លោកថា កម្លាំងប្រតិបត្តិការបានដាក់ខ្សែចុះ និងបង់លេខដើម្បីដើរជាបន្ទាត់បន្តបន្ទាប់គ្នា ឯកន្លែងដែលឧទ្ធម្ភាគចក្រធ្លាក់នោះគឺនៅលើជម្រាលជញ្ជាំងភ្នំ ដូច្នេះអាចត្រូវប្រើពេលវេលាយូរបន្ដិច។
លោកបានស្នើឱ្យមានយោគយល់ជៀសវាងការយល់ឃើញថា ហេតុម្តេចមិនព្រមយកសពឱ្យបានរហ័សរហួន។ លោកបន្ថែមថា បើយកសពមកដល់កន្លែងយន្ដហោះដែលអាចចុះចតបានហើយ គឺត្រូវពឹងទៅលើអាកាសធាតុទៀត ព្រោះប្រសិនបើអាកាសធាតុអំណោយបានត្រឹមតែ២០នាទី គឺកងកម្លាំងអាចដឹកបញ្ជូនសពបានភ្លាមតែម្ដង។ លោក ឥត សារ៉ាត់ ថា «ប្រសិនបើធាតុអាកាសនៅតែបិទរហូត ពពកនៅតែទាបរហូតមើលអត់ឃើញកន្លែងចុះ វាអាចពន្យារពេលក្នុងកម្រិតណាមួយ អ៊ីចឹងសុំទាំងគ្រួសារទាំងអស់សុំមេត្តាអធ្យាស្រ័យអភ័យទោសចំពោះនេះ»។
លោក ឥត សារ៉ាត់ បានឱ្យដឹងផងដែរថា បើសិនជាធាតុអាកាសអំណោយផល តាំងថ្ងៃដែលឧទ្ធម្ភាគចក្រធ្លាក់ភ្លាមៗនោះ ប្រហែលជាកងកម្លាំងមិនចំណាយពេលយូរទេក្នុងការរុករកតាំងពីថ្ងៃទី១៣មកនោះ ពោលគឺភ្លៀងឥតស្រាកសោះ ទាំងយប់ទាំងថ្ងៃ។
ពាក់ព័ន្ធករណីខាងលើនេះ លោក ឥត សារ៉ាត់ បានបញ្ជាក់ផងដែរថា ក្រសួងធនធាន និងប្រជាពលរដ្ឋនៅតំបន់នោះអាចធ្វើជាសាក្សីអំពីករណីធាតុអាកាសមិនអំណោយផលក្នុងប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រធ្លាក់នោះ។ លោកថា ប្រសិនបើធាតុអាកាសអំណោយផលដល់ក្រុមរុករក នោះត្រូវប្រើរយៈពេលរកនៅចន្លោះ២ឬ៣ថ្ងៃប៉ុណ្ណោះ លោកថាទើបតែនៅថ្ងៃទី២៨និងទី២៩នេះទេដែលអាកាសធាតុបានផ្តល់អំណោយផលធ្វើឱ្យកងកម្លាំងរុករកអាចរកឃើញទាំងឧទ្ធម្ភាគចក្រ និងអ្នកជំនាញហោះហើរដែលបានបាត់ខ្លួននោះ។
លោក ឥត សារ៉ាត ថា អ្នកជំនាញហោះហើរទាំងពីរលោក ខេង ឆៃយុទ្ធ និងលោក ស៊ុន ផល្លា មានបេសកកម្មធ្វើការហ្វឹកហ្វឺនចម្ងាយឆ្ងាយ ត្រូវធ្វើការហោះហើរពីភ្នំពេញទៅថ្មដា, ពីថ្មដាទៅខេត្តពោធិ៍សាត់ និងពីខេត្តពោធិ៍សាត់មកភ្នំពេញ។ លិខិតបេសកកម្មរបស់យន្តហោះនេះ បានបញ្ជាក់ស្រាប់។ លោកថា សកម្មភាពក្នុងបេសកកម្មកិច្ចការងារនេះគឺក្នុងតួនាទីរបស់ខ្លួនទេ ដូច្នេះគឺជាវីរភាពអាកាសយានិកទាំងពីរ ថ្វីដ្បិតបេសកកម្មហ្វឹកហ្វឺនក៏ដោយក៏ការរួមចំណែកក្នុងបុព្វហេតុ ការពារជាតិផងដែរ លោកបានបន្ថែមទៀតថាមិនមែនអ្នកជំនាញហោះហើរទាំងពីរនាក់ខាងលើធ្វើការហោះហើរមកដោយគ្មានបញ្ជាឬគ្មានការអនុញ្ញាតទេ៕