
លោក ឥត សារ៉ាត់៖ សពលោក ស៊ុន ផល្លា រកឃើញនៅចម្ងាយពីយន្តហោះធ្លាក់ ២១០ម៉ែត្រ, យើងសន្និដ្ឋានថាពេលប្រហែលជាពេលគាត់ធ្លាក់ទៅ “គាត់នៅរស់”
ពោធិសាត់៖ យោងតាមប្រធានគណៈបញ្ជាការរុករកនិងសង្គ្រោះឧទ្ធម្ភាគចក្រ នាយឧត្តមសេនីយ៍ លោក ឥត សារ៉ាត់ បានបញ្ជាក់នៅថ្ងៃអង្គារ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះថា អាកាសយានិកទី២ លោក ស៊ុន ផល្លា ដែលបានពលីជីវិតនោះ ត្រូវបានរកឃើញនៅវេលាម៉ោង ១០:៣០នាទីព្រឹក។ លោកថាកងកម្លាំងរុករកបានធ្វើការយ៉ាងសកម្មនិងស្វិតស្វាញតាមបទបញ្ជារបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី, តាមបញ្ជារបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ។
លោក ឥត សារ៉ាត់ ថា សព លោក ស៊ុន ផល្លា ត្រូវបានរកឃើញនោះនៅចម្ងាយពីយន្តហោះប្រមាណ២១០ម៉ែត្រ។ លោកថា «យើងសន្និដ្ឋានថា ពេលប្រហែលជាពេលគាត់ធ្លាក់ទៅ គាត់នៅរស់ អ៊ីចឹងហើយបានគាត់អីឃើញដូចថា វាមានគាត់យកអាវរបស់គាត់យកមកគ្របលើសពរបស់គូ ពីឡុត (អាកាសយានិក) ហើយគាត់យកគម្របគ្របពីលើយន្តហោះដែលវាបែកបាក់នៅក្បែរ[…]ហើយប្រហែលជាដូចយើងដឹងហើយវា១៨ថ្ងៃ គាត់អាចដើរស្វះស្វែងរកកន្លែងមួយដើម្បីចេញមកក្រៅ ឬមួយឮសូរយន្តហោះយើងដើម្បីថាស្រែកហៅឲ្យជួយជាដើម»។
លោក ឥត សារ៉ាត់ ថាក្នុងរយៈ១៨ថ្ងៃនេះ អាចជាការលំបាករបស់អាកាសយានិក លោក ស៊ុន ផល្លា ព្រោះធាតុអាកាសភ្លៀងរហូត ហើយអត់មានអាហារនៅក្នុងព្រៃ។ ប៉ុន្តែទោះបីជាយ៉ាងណា លោកមិនអាចបញ្ជាក់ពីមូលហេតុពីការស្លាប់របស់អាកាសយានិកទី២ លោក ស៊ុន ផល្លា ដោយការអត់អាហារ ឬមួយការស្លាប់ដោយរបួស ឬការលោតចេញពីឧទ្ធម្ភាគចក្រ។ លោកបានសម្តែងការសោកស្ដាយណាស់ចំពោះការបាត់បង់ជីវិតចំពោះអាកាសយានិកទាំងពីរ។
ជួសមុខឲ្យនាយទាហាន ពលទាហានទាំងអស់នៅក្នុងប្រតិបត្តិការរុករកនេះ លោក ឥត សារ៉ាត់ បានថ្លែងអំណរគុណចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលបាន ហើយយកចិត្តទុកដាក់តាមដានសួរនាំអំពីសកម្មភាពរុករក ហើយជាពិសេសសុខទុក្ខរបស់អាកាសយានិកទាំង២ ដែលមានគ្រោះថ្នាក់នេះ ហើយក៏បានជួយឧបត្ថម្ភថវិកាដល់ក្រុមកងកម្លាំងជួយរុករកផងដែរ។ លោកថា អ្វីដែលបានធ្វើឱ្យលោកឮហើយសឹងតែស្រក់ទឹកភ្នែកនោះ គឺការយកចិត្តដាក់របស់សម្ដេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចធិបតី ក៏ដូចជាឧបនាយករដ្ឋមន្ត្រីការពារជាតិ លោកអគ្គមេបញ្ជាការ ដែលបានសួរលោកដំបូងនៅពេលដែលរកឃើញយន្តហោះ គឺថ្នាក់ដឹកនាំបានសួរតែសុខទុករបស់អាកាយានិកដែលបានបាត់ខ្លួន។
លោថា «សំណួរនេះ ខ្ញុំគិតថាជាការយកចិត្តដាក់មួយរបស់ថ្នាក់ដឹកនាំកំពូលរបស់យើង ចំពោះអាយុជីវិតរបស់កងទ័ព ក៏ដូចជាប្រជាពលរដ្ឋ អ៊ីចឹងធ្វើឲ្យខ្ញុំមានការរំភើបចិត្តណាស់ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបញ្ហាអស់ហ្នឹងផងដែរ»។