វៀតណាម៖ អាជ្ញាធរក្នុងតំបន់នៃខេត្ត គ័ងនិញ (Quang Ninh) បានឱ្យដឹងនៅថ្ងៃអង្គារនេះថា កម្មករអណ្តូងរ៉ែធ្យូងថ្ម ៥នាក់បានស្លាប់បាត់បង់ជីវិត ក្រោយមានហេតុការណ៍បាក់អណ្តូងរ៉ែមួយនៅភាគខាងជើងប្រទេសវៀតណាម។ គណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានឱ្យដឹងតាមរយៈសេចក្ដីថ្លែងការណ៍មួយថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃចន្ទនៅឯអណ្តូងរ៉ែធ្យូងថ្មមួយកន្លែងក្នុងខេត្ត Quang Ninh ដែលជាតំបន់ជីកយករ៉ែធ្យូងថ្មដ៏ធំបំផុតរបស់វៀតណាម។
សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបញ្ជាក់នៅថ្ងៃអង្គារថា ជនរងគ្រោះទាំង ៥នាក់គឺជាមនុស្សប្រុស ដែលមានវ័យចន្លោះពី ២៣ឆ្នាំ ទៅ៤៧ឆ្នាំ ដែលជាកម្មករនៃក្រុមហ៊ុនរុករកធ្យូងថ្ម Vinacomin របស់រដ្ឋ។ យ៉ាងណាមិញ ក្រុមហ៊ុន Vinacomin នៅមិនទាន់មានការបំភ្លឺបន្ថែមណាមួយជុំវិញបញ្ហានេះនៅឡើយ។ មកដល់ពេលនេះ អាជ្ញាធរកំពុងបើកការស៊ើបអង្កេតរកមូលហេតុនៃករណីបាក់អណ្តូងរ៉ែនេះ។
គួរបញ្ជាក់ថា ឧបទ្ទវហេតុដែលកើតមានពីការបាក់អណ្តូងរ៉ែនេះនៅតែបន្តកើតមានជាញឹកញាប់នៅក្នុងប្រទេសវៀតណាម ដែលអាជីវកម្មជីករ៉ែនៅតែមានយ៉ាងសកម្មសម្រាប់ទាញយកថាមពលពីឥន្ធនៈហ្វូស៊ីល។ ជាក់ស្ដែង រោងចក្រថាមពលដើរដោយធ្យូងថ្មមានចំនួន ៦០ភាគរយនៃទិន្នផលអគ្គិសនីរបស់វៀតណាមនៅក្នុងឆមាសទីមួយនេះ។ កាលពីខែមេសាកន្លងទៅ កម្មករអណ្តូងរ៉ែធ្យូងថ្មចំនួន ៤នាក់បានស្លាប់ និង ៧នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះឧស្ម័នក្នុងអណ្តូងរ៉ែធ្យូងថ្មមួយដែលគ្រប់គ្រងដោយក្រុមហ៊ុន Vinacomin នេះដូចគ្នា៕