វេណេហ្ស៊ុយអេឡា៖ បាតុកម្មទ្រង់ទ្រាយធំរំពឹងថានឹងផ្ទុះឡើងរវាងគណបក្សកាន់អំណាច និងអ្នកគាំទ្រគណបក្សប្រឆាំងនាថ្ងៃអង្គារនេះ ក្រោយមានភាពចម្រូងចម្រាស់បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិបានបញ្ចប់។ អាជ្ញាធររៀបចំការបោះឆ្នោតបានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញនេះថា លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បានបន្តទទួលជ័យជម្នះជាប្រធានាធិបតីអាណត្តិទី៣ ជាមួយសំឡេងឆ្នោតគាំទ្រចំនួន ៥១ភាគរយ។ យ៉ាងណាក្ដី ក្រុមអ្នកគាំទ្របក្សប្រឆាំងបានចេញមុខមកតវ៉ាថា ក្រោយទទួលបានលទ្ធផលជាង ៧០ភាគរយនៃសំឡេងឆ្នោតសរុប បានបង្ហាញថាបេក្ខជនប្រធានាធិបតីរបស់បក្សប្រឆាំង លោក អេដម៉ុនដូ ហ្គន់ហ្សាលេស (Edmundo Gonzalez) ជាអ្នកទទួលបានការគាំទ្រច្រើនជាងក្នុងការបោះឆ្នោតនេះ។
មេដឹកនាំបក្សប្រឆាំង លោក Maria Corina Machado បង្ហោះសារនៅលើបណ្ដាញសង្គម X យ៉ាងដូច្នេះថា៖ "ប្រជាជនវេណេហ្ស៊ុយអេឡាជាទីស្រឡាញ់! ថ្ងៃស្អែកយើងនឹងជួបជុំគ្នាក្នុងនាមជាគ្រួសារ និងដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត។ យើងត្រូវរាប់សន្លឹកឆ្នោតទាំងអស់ និងការពារការពិត"។
លោក Jorge Rodriguez សមាជិកសភាបក្សកាន់អំណាច និងជាអ្នកគ្រប់គ្រងយុទ្ធនាការឃោសនារបស់លោកប្រធានាធិបតី Maduro ក៏បានចេញមុខមកជំរុញឱ្យអ្នកគាំទ្រប្រធានាធិបតី និងរដ្ឋាភិបាលប្រមូលគ្នាដើរដង្ហែរជាក្បួនទៅកាន់មានប្រធានាធិបតី Miraflores ដើម្បីបង្ហាញការគាំទ្ររដ្ឋាភិបាលដូចគ្នា។ បើទោះជាបីបេក្ខភាពប្រធានាធិបតីបក្សប្រឆាំងបានប្រកាសថា លោកប្រឆាំងដាច់ខាតទៅនឹងទង្វើដែលបង្កឱ្យមានហិង្សា ប៉ុន្តែលោក Jorge Rodriguez បានចោទប្រកាន់ក្រុមប្រឆាំងថាបានព្យាយាមបង្កឱ្យមានហិង្សា។
ថ្លែងកាលពីយប់ថ្ងៃចន្ទ លោកប្រធានាធិបតី Maduro បញ្ជាក់ថា រដ្ឋាភិបាលរបស់លោកដឹងពីរបៀបប្រឈមមុខនឹងស្ថានភាពនេះ និងត្រៀមបង្ក្រាបអ្នកដែលមានបំណងចង់បង្កអំពើហិង្សា។ សូមបញ្ជាក់ថា លោក Nicolas Maduro ជាអតីតរដ្ឋមន្ត្រីការបរទេសបានចូលកាន់តំណែងជាប្រធានាធិបតីកាលពីឆ្នាំ២០១៣ ក្រោយលោកប្រធានាធិបតី Hugo Chavez ទទួលមរណភាព។ លោកបានបន្តកាន់តំណែងជាប្រធានាធិបតីកាលពីឆ្នាំ២០១៨ ក្រោយពីទទួលបានជ័យជម្នះលើការបោះឆ្នោត ដែលសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបមួយចំនួនបានចោទប្រកាន់ថាមានការលួចបន្លំ និងបានចាត់ទុកលោក Nicolas Maduro ថាជាមេដឹកនាំផ្តាច់ការ៕