អាវុធហត្ថភ្នំពេញឃាត់ខ្លួនឧកញ៉ាម្នាក់ និងជាមេធាវីផងបញ្ជូនទៅតុលាការពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់
រាជធានីភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ ១២និង៣០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បើតាមប្រភពព័ត៌មានឱ្យដឹងថា មានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាចូលក្លឹបកំសាន្ត Central X ដោយហៅបានស្រា Hennessy ០២ដប ផឹកស៊ី ដោយក្នុងនោះគេសង្កេតឃើះមានបុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ។ ក្រោយមក គេបានប្រទះឃើញមានការដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ និងអារមេបញ្ចូលគ្រាប់ កាន់រេចុះឡើង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដ៏ទៃទៀតដែលនៅសាឡុងក្បែរៗនោះ។ ដោយឃើញសភាពបែបនេះ មេការក្លឹបបានតាមអង្វរអ្នកកាន់កាំភ្លើងនោះ សុំឲ្យយកកាំភ្លើងទៅទុកក្នុងឡាន ស្រាប់តែបុរសនោះ បានបាញ់ឡើងលើ០១គ្រាប់ ធ្វើឲ្យភ្ញៀវផ្អើលឈូរឆររត់ចេញក្រៅ ត្រូវបានក្រុមសន្តិសុខរាយការណ៍ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅអនុវត្តតាមនិតិវិធី។
ក្រោយពេលសមត្ថកិច្ចបានចុះមកដល់ ក៏បានឃាត់ខ្លួនលើជនសង្ស័យឈ្មោះ ឈ្មោះ ខុន បញ្ចសិទ្ធិ ដែលមានងារជាឧកញ៉ា ព្រមទាំងជាមេធាវីផងនោះ និងបុរសម្នាក់ទៀតដែលអះអាងថាខ្លួនជាតៃកុងឡានរបស់បុរសខាងលើ ព្រមទាំងដកហូតអាវុធខ្លីបាន ០២ដើម ដោយមួយដើម ម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យកាន់ធ្វើសកម្មភាពបាញ់បោះ និងមួយដើមទៀតម៉ាក EKOL VOLGA សមត្ថកិច្ចឆែកឆេររកឃើញនៅក្នុងរថយន្តរបស់ជនសង្ស័យ។
ក្រោយពេលស្តាប់ចម្លើយ ជនសង្ស័យឈ្មោះ ខុន បញ្ចសិទ្ធិ បានសារភាពទទួលស្គាល់ថា អាវុធខ្លីពិតជារបស់ខ្លួនមែន តែអ្នកបាញ់គឺជាតៃកុងឡានរបស់ខ្លួន រីឯតៃកុងឡានក៏បានសារភាពទទួលស្គាល់ថាខ្លួនពិតជាអ្នកបាញ់ដូចសម្តីរបស់មេខ្លួនបានលើកឡើងពិតប្រាកដមែន។ យ៉ាងណាមិញ តាមវិធានស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ រកតម្រុយឃើញថាអ្នកបាញ់ពិតប្រាកដគឺជាបុគ្គលឈ្មោះ ខុន បញ្ចសិទ្ធិ មិនមែនជាតៃកុងឡាននោះទេ។ ដោយជនសង្ស័យទាំងពីរនៅតែផ្តល់ចម្លើយផ្ទុយពីសាក្សីនិ ងភស្តុតាង សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏ធ្វើការឃាត់ខ្លួនទាំងពីរនាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្តង៕