
លោក ជិន ម៉ាលីន៖ មួយសប្តាហ៍ តុលាការបានចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀន ១២៤ករណី មានជនសង្ស័យ ៣១១នាក់
ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថាក្នុងរយៈពេលមួយសប្តាហ៍ចុងខែកក្កដាឆ្នាំ២០២៤នេះ តុលាការបានចាត់ការចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុប ចំនួន ១២៤ករណី ដែលក្នុងនោះ មាន ជនសង្ស័យចំនួន ៣១នាក់ និងបានឃាត់ខ្លួនចំនួន ២២១នាក់។
លោក ជិន ម៉ាលីន ក៏បានអគុណដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន ក៏ដូចជាចៀសវាងនូវរាល់សកម្មភាពទាំងឡាយណា ដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងចូលរួមអនុវត្ត “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋាន របស់ខ្លួនជូនដល់សមត្ថកិច្ចឲ្យដែរ៕