ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម
ភ្នំពេញ: លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ៊្វូចុង អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដ វៀតណាម ដែលបានទទួលមរណភាពដោយជរាពាធ ក្នុងជន្មាយុ៨០ឆ្នាំ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ ពិធីគោរពវិញ្ញាណក្ខន្ធ បានធ្វើឡើងនៅស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ។
លោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ បានសង្រួមចិត្តគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ៊្វូចុង និងបានរៀបចំកូរោនផ្កាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ព្រមទាំងបានអញ្ជើញអុជធូបឧទ្ទិសដល់វិញ្ញាណក្ខន្ធ លោកអគ្គលេខាធិការ ង្វៀន ហ៊្វូចុង សូមបានទៅកាន់សុគតិភពកុំបីឃ្លៀតឃ្លាតឡើយ។
តាមរយៈសាររំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត, លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោកផ្ទាល់ ពិតជាមានសេចក្ដីតក់ស្លុត និងសោកស្ដាយឥតឧបមាចំពោះមរណភាពរបស់ លោក ង្វៀន ហ៊្វូចុង អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដ វៀតណាម។ មរណភាពរបស់ លោក ង្វៀន ហ៊្វូចុង គឺជាការបាត់បង់យ៉ាងធំធេងនូវថ្នាក់ដឹកនាំគំរូដ៏ល្អរបស់ប្រទេសវៀតណាមដែលបានដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិឱ្យបន្តរីកចម្រើនឥតឈប់ឈរ និងជាឥស្សរជនមួយរូបដែលបានចូលរួមពង្រឹង និងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា និងវៀតណាម ឱ្យកាន់តែរឹងមាំ និងជិតស្និទថែមទៀត៕