កំពូលមេខ្លោងជួញដូរគ្រឿងញៀន El Mayo និងកូនប្រុសអតីតមេខ្លោងជួញដូរគ្រឿងញៀន El Chapo ត្រូវចាប់ខ្លួនលើទឹកដីសហរដ្ឋអាមេរិក
អាមេរិក៖ កំពូលអ្នកជួញដូរគ្រឿងញៀនម៉ិកស៊ិក Ismael "El Mayo" Zambada និងកូនប្រុសរបស់អតីតដៃគូរបស់គេគឺ Joaquin "El Chapo" Guzman ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុង El Paso រដ្ឋតិចសាស់ នៅក្នុងប្រតិបត្តិការបង្ក្រាបដ៏ធំមួយ។ Zambada ដែលមានរហ្សសនាមថា "El Mayo" គឺជាកំពូលអ្នកជួញដូរគ្រឿងញៀនជនជាតិម៉ិកស៊ិកដ៏ល្បីល្បាញបំផុតមួយរូប និងជាអ្នករួមគ្នាបង្កើតក្រុមម៉ាហ្វៀ Sinaloa Cartel ជាមួយនឹង "El Chapo" ដែលបច្ចុប្បន្នមេក្លោងជួញដូរគ្រឿងញៀនរូបនេះកំពុងជាប់ពន្ធនាគារអស់មួយជីវិតនៅលើទឹកដីសហរដ្ឋអាមេរិក។
ទាំងលោក Zambada និង Joaquin Guzman Lopez ដែលជាកូនប្រុសរបស់ El Chapo ប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនបទល្មើសនៅក្នុងទឹកដីសហរដ្ឋអាមេរិក ទាក់ទងនឹងការជួញដូរ និងចែកចាយគ្រឿងញៀនយ៉ាងសម្បើម រួមទាំងការជួញដូរថ្នាំ Fentanyl ដែលបានបណ្ដាលឱ្យប៉ះពាល់ និងស្លាប់ប្រជាជនអាមេរិកជាច្រើននាក់។ បើតាមប្រភពសម្ងាត់មួយបញ្ជាក់ថា "El Mayo" ដែលគេជឿថាមានវ័យប្រហែល ៧០ឆ្នាំ និងកូនប្រុសរបស់ El Chapo ដែលមានវ័យប្រហែល ៣០ឆ្នាំ ត្រូវបានសមត្ថកិច្ចប៉ូលិសឃាត់ខ្លួន និងឃុំខ្លួនក្រោយពួកគេចុះចតនៅទីតាំងចំណតយន្តហោះឯកជនមួយកន្លែងនៅទីក្រុង El Paso។
Guzman Lopez គឺជាកូនប្រុសម្នាក់ក្នុងចំណោមកូនប្រុសទាំងបួនរបស់ El Chapo ដែលត្រូវបានគេស្គាល់ថា Los Chapitos ឬ Little Chapos ដែលបានទទួលមរតកពីក្រុម Sinaloa Cartel និងជាអ្នកស្នងតំណែងរបស់ឪពុកខ្លួន។ កូនប្រុសម្នាក់ទៀតរបស់ El Chapo គឺលោក Ovidio Guzman ត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន ហើយបានធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយ ក្រុម Sinaloa Cartel បានក្លាយជាគោលដៅដ៏ធំបំផុតរបស់អាជ្ញាធរអាមេរិក ដែលបានចោទប្រកាន់ក្រុមឧក្រិដ្ឋកម្មនេះថាជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតនៃសារធាតុ Fentanyl ចូលដល់សហរដ្ឋអាមេរិក។
កន្លងមក អាជ្ញាធរអាមេរិកធ្លាប់បានប្រកាសពីការផ្តល់ប្រាក់រង្វាន់ ១៥លានដុល្លារអាមេរិកសម្រាប់ការចាប់ខ្លួន Ismael "El Mayo" Zambada និងប្រកាសផ្តល់ប្រាក់រង្វាន់ ៥លានដុល្លារអាមេរិកសម្រាប់ក្បាលរបស់ Guzman Lopez។ ក្រុមជួញដូរគ្រឿងញៀន Sinaloa បានធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅក្នុងប្រទេសជាង ៥០ជុំវិញពិភពលោក ហើយជាក្រុមឧក្រិដ្ឋកម្មដ៏ធំមួយ ក្នុងចំនោមក្រុមឧក្រិដ្ឋកម្មដ៏មានឥទ្ធិពលបំផុតចំនួន ២ នៅក្នុងប្រទេសម៉ិកស៊ិក។ នេះបើយោងតាមព័ត៌មានពីអាជ្ញាធរអាមេរិក៕