លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញដឹកនាំកិច្ចប្រជុំការងារប្រចាំខែកក្កដា ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ក្នុងការពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត។
នាកិច្ចប្រជុំ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលទាំងអស់ បន្តពង្រឹងប្រព័ន្ធសេវាថែទាំសុខភាព គ្រប់កម្រិតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់ពីកម្រិតមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែក ស្រុក ខេត្ត និងមន្ទីរពេទ្យជាតិ ដើម្បីធានាឱ្យបាននូវការផ្តល់សេវាបានល្អប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ទាំងសេវាសាធារណៈ និងឯកជន។ ក្នុងនោះក៏ ត្រូវពង្រឹងការក្រុមការងារផ្តល់សេវា តាមការបណ្តុះបណ្តាល ទាំងមុនបម្រើការងារ និងពេលកំពុងបម្រើការងារ ព្រមទាំងការពង្រឹងការអប់រំសុខភាព ដោយបង្កើនការផ្សព្វផ្សាយសារអប់រំសុខភាព លើការចាក់ថ្នាំបង្ការ និងការគ្រប់គ្រងជំងឺឆ្លង និងជំងឺមិនឆ្លងមានជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងសូមយកចិត្តទុកបន្ថែមទៀតលើការងារសុខភាពផ្លូវចិត្តផងដែរ។
លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់ជូនបទពិសោធន៍ និងចំណេះដឹងអំពីការធ្វើអោយបានប្រសើរ និងរលូនបន្ថែមទៀតអំពីដំណើរការរដ្ឋបាលនៃនាយកដ្ឋាន និងអង្គភាពនីមួយៗ ដែលជាការចំបាច់បំផុតចូលរួមក្នុងការធ្វើឱ្យការផ្តល់សេវាសាធារណៈគ្រប់ទំរង់ និងគ្រប់ផ្នែកកាន់តែមានប្រសិទ្ធិភាព និងគុណភាពដូចរំពឹងទុក។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក ប្រធាននាយកដ្ឋាន ប្រធានអង្គភាពថ្នាក់កណ្តាល នាយកមន្ទីរពេទ្យជាតិ និងឯកឧត្តម លោកជំទាវ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ទាំង២៥ ព្រមទាំងលោក លោកស្រី មន្ត្រីរាជការ នៃក្រសួងសុខាភិបាល។