រដ្ឋមន្ត្រីមហាផ្ទៃបារាំង៖ ប្រតិភូអូឡាំពិកអ៊ីស្រាអែលនឹងត្រូវបានធានាការពារសុវត្ថិភាព ២៤/២៤ម៉ោង
បារាំង៖ រដ្ឋមន្ត្រីមហាផ្ទៃបារាំងអត្តពលិកអ៊ីស្រាអែលនឹងទទួលបានការការពារសុវត្ថិភាព ២៤/២៤ម៉ោង អំឡុងការចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ក្រោយពីសមាជិកសភាបារាំងម្នាក់ថ្លែងថា ប្រតិភូអូឡាំពិករបស់អ៊ីស្រាអែលមិនត្រូវបានស្វាគមន៍ឡើយ ហើយអំពាវនាវឱ្យមានការតវ៉ាប្រឆាំងនឹងវត្តមានរបស់ប្រតិភូ និងអត្តពលិកទាំងនេះ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសនឹងចាប់ផ្តើមនាថ្ងៃសុក្រខាងមុខនេះ ចំពេលមានការព្រួយបារម្ភផ្នែកសន្តិសុខ និងភាពតានតឹងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើងជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងតំបន់ហ្គាហ្សា។ សង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសដែលបានបំផ្លិចបំផ្លាញតំបន់ហ្គាហ្សាស្ទើរទាំងស្រុងបានក្លាយទៅជាផ្ទាំងស៊ីបនៃការវាយប្រហារពីក្រុមនយោបាយឆ្វេងនិយម។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក ហ្សឺរ៉ាល់ ដាម៉ានីន (Gérald Darmanin) ក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយថា អត្តពលិកអ៊ីស្រាអែលនឹងត្រូវបានការពារសុវត្ថិភាពគ្រប់ពេល ក្នុងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិក ខណៈកាលពីអតីតកាលអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ១៩៥២ នៅឯទីក្រុង ម៉ូនិច ប្រទេសអាល្លឺម៉ង់ មានជនជាត់អ៊ីស្រាអែល ១១នាក់ត្រូវបានសម្លាប់ដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន។ ការថ្លែងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្វើឡើង បន្ទាប់ពីសមាជិកសភាគណបក្ស France Unbowed (LFI) ឆ្វេងនិយម លោក Thomas Portes និយាយថា អត្តពលិកអូឡាំពិករបស់អ៊ីស្រាអែលមិនត្រូវបានស្វាគមន៍នៅក្នុងប្រទេសបារាំងឡើយ ហើយថាគួរតែមានការតវ៉ាប្រឆាំងនឹងការចូលរួមលើប្រតិភូក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ។
រដ្ឋមន្ត្រីការបរទេសបារាំង លោក ស្តេផាន សេហួន (Stephane Sejourne) ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយសមភាគីសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល Brussels ថា៖ "ខ្ញុំសូមនិយាយក្នុងនាមប្រទេសបារាំង ទៅកាន់គណៈប្រតិភូអ៊ីស្រាអែល! ពួកយើងស្វាគមន៍វត្តមានរបស់អ្នកមកកាន់ប្រទេសបារាំងសម្រាប់ការប្រកួតកីឡាអូឡាំពិកនេះ"។ លោកបញ្ជាក់ថា លោកនឹងនិយាយសង្កត់ធ្ងន់ទៅលើបញ្ហានេះ អំឡុងការជជែកតាមទូរសព្ទជាមួយសមភាគីអ៊ីស្រាអែល ដើម្បីអាចបញ្ជាក់ច្បាស់បានថា រដ្ឋាភិបាលបារាំងនឹងធានានូវសុវត្ថិភាពជូនទៅកាន់ប្រតិភូអូឡាំពិកអ៊ីស្រាអែល៕