ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា មានករណីពុលផ្សិតចំនួន ១៧នាក់ ក្នុងស្រី៤នាក់ ដោយមានរោគសញ្ញា ចុកពោះ រាក ក្អួត នៅភូមិឡុំ ឃុំប៉ក់ញែ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បន្ទាប់ពីបរិភោគផ្សិត កាលពីនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៤។ ប្រជាពលរដ្ឋទាំង១៧នាក់នោះដោយត្រូវបាននិងកំពុងទទួលការព្យាបាល យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤។
ក្រសួងសុខាភិបាល បានឱ្យដឹងថា ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បាននិងកំពុងសហការជាមួយក្រុម ការងារនៃអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធដោយទទួលការផ្តល់យោបល់បច្ចេកទេសពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើង នូវករណីពុលនេះ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។ ក្នុងចំណោមផ្សិតរាប់ពាន់ប្រភេទ មានផ្សិតប្រហែល ១០០ប្រភេទ ដែលភាគច្រើនបណ្តាលឱ្យពុល នៅពេល បរិភោគ។
ក្រសួងសុខាភិបាល បានអំពាវនាវប្រជាពលរដ្ឋមុននឹងយកផ្សិតមកចំអិនជាម្ហូបអាហារបរិភោគ ត្រូវស្គាល់ប្រាកដថា ផ្សិតនោះមិនពុល ឬសូមស្វែងរកសាកសួរចាស់ទុំដែលស្គាល់ច្បាស់ថាផ្សិតនោះធ្លាប់បរិភោគដោយសុវត្ថិភាព ចម្អិនផ្សិតដែលមិនពុលឱ្យបានត្រឹមត្រូវ និងឆ្អិនល្អ មុនបរិភោគ ប្រកាន់អនាម័យ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត មុនចាប់កាន់អាហារ និងទទួល ទានចំណីអាហារដែលមានអនាម័យ និងសុវត្ថិភាពល្អ។ ក្រសួងសុខាភិបាលថា ការអនុវត្តវិធានការបែបនេះគឺដើម្បីចៀសវាងបាននូវការពុលផ្សិត ដែលអាចធ្វើឱ្យគ្រោះថ្នាក់រហូតបាត់បង់ជីវិត។
ក្រសួងបានប្រកាសអំពីរោគសញ្ញានៃការពុលផ្សិត អាចកើតក្រោយពីបរិភោគរយៈពេល ២ម៉ោង ទៅ ៦ម៉ោង ឬ ច្រើនថ្ងៃ ដែលមានដូចជា ចុកពោះ រាក ក្អួត បែកញើស រីកប្រស្រីភ្នែក ដង្ហើមញាប់ ឬពិបាកដកដង្ហើមឡោះឡះរហូតដល់ អាចស្លាប់ក្នុងរយៈពេលណាមួយ ទៅតាមប្រភេទផ្សិតពុលដែលមានកម្រិតជាតិពុលខុសៗគ្នា។ ជាតិពុលខ្លះ ប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ តម្រងនោម ឬថ្លើម ជួនកាលច្រើនថ្ងៃ ឬច្រើនសប្តាហ៍បន្ទាប់ពីបរិភោគ។
ក្រសួងសុខាភិបាលបានណែនាំអ្នកពុលត្រូវប្រញាប់ស្វែងរកការជួយសង្គ្រោះបន្ទាន់នៅតាមមូលដ្ឋានសុខាភិបាលដែលនៅជិតលោកអ្នក បំផុត ដោយស្ថានភាពអ្នកពុលតម្រូវឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានពីគ្រូពេទ្យជាចាំបាច់។
ក្រសួងបានលើកទឹកចិត្តដល់ពលរដ្ឋគ្រប់រូបអនុវត្តតាមការណែនាំខាងលើ និងបន្តផ្សព្វផ្សាយសារអប់រំដល់ក្រុមគ្រួសារ ញាតិមិត្ត ដើម្បីចៀសផុតពីការឈឺ គ្រោះថ្នាក់ដល់ជីវិតដោយ សារការបរិភោគផ្សិតពុល និងបានណែនាំដល់មន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋានចូលរួមផ្សព្វផ្សាយ និងធ្វើការណែនាំ អប់រំ ការអនុវត្តវិធានការខាងលើ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន៕