ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ការិយាល័យ OHCHR វាយតម្លៃខ្ពស់លើគណៈមេធាវីក្នុងការរៀបចំសន្និសីទអន្តរជាតិស្តីពីការផ្តល់ជំនួយផ្នែកច្បាប់ទទួលជោគជ័យ

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងាររវាងលោក លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រី រួអេដា អិល ហាច តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ លោកស្រីតំណាងការិយាល័យ OHCHR បានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់គណៈមេធាវីដែលបានរៀបចំសន្និសីទអន្តរជាតិស្តីពីការផ្តល់ជំនួយផ្នែកច្បាប់ប្រកបដោយជោគជ័យ។ លោកស្រី រួអេដា អិល ហាច បានចាត់ទុកថា នោះគឺជាការផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធបានជ្រាបច្បាស់អំពីសមិទ្ធិផលដ៏ច្រើនដែលគណៈមេធាវីសម្រេចបានកន្លងមកក្នុងការផ្តល់ជំនួយផ្នែកច្បាប់។ នេះបើតាមការចេញផ្សាយរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រីតំណាងការិយាល័យ OHCHR បានផ្តួចផ្តើមពិភាក្សាអំពីលទ្ធភាពក្នុងការសហការរវាងស្ថាប័នទាំងពីរលើការងារ រួមចំណែកក្នុងការកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារតាមរយៈការផ្តល់ជំនួយផ្នែកច្បាប់។ លោកស្រីបានអញ្ជើញលោកប្រធានគណៈមេធាវីទៅចូលរួមជាវាគ្មិនកិត្តិយសក្នុងសន្និសីទនាពេលខាងមុខដែលសហការរៀបចំជាមួយ ការិយាល័យUNESCOនៅកម្ពុជា។

តំណាងការិយាល័យ OHCHR បានស្នើសុំកិច្ចសហការរៀបចំវគ្គបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ជូនមេធាវី, និងសុំការគាំទ្រផ្នែកបច្ចេកទេសនិងឯកសារលិខិតបទដ្ឋានគតិយុត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស។

លោក លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណលោកស្រីតំណាងការិយាល័យ OHCHR ដែលបានចូលរួមជាវាគ្មិននៅក្នុងសន្និសីទអន្តរជាតិគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាស្តីពីការផ្តល់ជំនួយផ្នែកច្បាប់ ដែលបានប្រព្រឹត្តទៅកាលពីខែឧសភាកន្លងទៅនេះ និងបន្តឱ្យមានជំនួបនាថ្ងៃនេះដើម្បីបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។

លោកប្រធានគណ:មេធាវី បានស្វាគមន៍នូវគំនិតផ្តួចផ្តើមរបស់លោកស្រីតំណាងការិយាល័យ OHCHR ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដែលរួមចំណែកក្នុងការផ្តល់ជំនួយផ្នែកច្បាប់ និងផ្សព្វផ្សាយអំពីច្បាប់ជាតិ អន្តរជាតិ និងចែករំលែកបទពិសោធន៍ល្អៗដល់មេធាវីនៅកម្ពុជា។ លោក លី ច័ន្ទតុលា ក៏បានជម្រាបអំពីការអនុវត្តគម្រោងមេធាវីដល់មូលដ្ឋានដែលនឹងផ្សព្វផ្សាយអំពីច្បាប់មូលដ្ឋាន និងវិជ្ជាជីវៈមេធាវី ដល់ថ្នាក់ដឹកនាំនៅមូលដ្ឋានទូទាំងប្រទេសផងដែរ៕

រូបភាព: គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក