សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថាអាកាសយានិកពីររូបដែលបានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រមួយគ្រឿង នឹងអាចរកឃើញក្នុងពេលឆាប់ៗនេះ
ភ្នំពេញ៖ កងកម្លាំងរុករកឧទ្ធម្ភាគចក្រមួយគ្រឿងដែលបានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស បានចំណាយពេលវេលាអស់រយៈពេល ១២ ថ្ងៃមកហើយប៉ុន្តែនៅតែមិនទាន់រកឃើញ។ ឧទ្ធម្ភាគចក្រមួយគ្រឿងនេះជារបស់កងទ័ពជើងអាកាសនៃកងយោធពលខេមរភូមិន្ទ ហោះហើរដោយអាកាសយានិកចំនួន ២ រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាសកាលពីដើមខែកក្កដាកន្លងទៅថ្មីៗនេះ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសក្នុងបណ្តាញសង្គមថា «ចាប់ពីពេលនោះមកទល់ពេលនេះ គឺមិនមានមួយវិនាទីណាដែលអាកាសយានិកទាំងពីររូប ត្រូវបានបំភ្លេចនោះទ្បើយ »។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការស្វែងរកឧទ្ធម្ភាគចក្រនោះបានចាប់ផ្តើមភ្លាមៗបន្ទាប់ពីបាត់ការទាក់ទង ដោយមានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដីនៅហ្នឹងកន្លែង ហើយមកដល់ម៉ោងនេះ កងកម្លាំងរុករករបស់យើងបានបន្តបេសកកម្មរបស់ខ្លួនទាំងយប់ទាំងថ្ងៃ មិនថាមេឃរាំង ឬភ្លៀង និងមិនថាក្នុងព្រៃជ្រៅ ឬឆ្លងកាត់ជ្រោះជ្រលងទឹកហូរនោះទេ ក៏ការស្វែងរកអាកាសយានិកទាំងពីររូបនៅតែបន្តជានិច្ច ។
យ៉ាងណាមិញ ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ ក៏បេសកកម្មរុករកនេះត្រូវតែបន្តទៅមុខ រហូតដល់យើងអាចរកឃើញអាកាសយានិករបស់យើងទាំងពីររូប ។ នេះជាការបញ្ជាក់បន្ថែមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។
នាយករដ្ឋមន្ត្រីកម្ពុជា កោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការពារជាតិ, គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, នាយសេនាធិការចម្រុះ, អាជ្ញាធរ , ថ្នាក់ដឹកនាំគ្រប់បណ្តាអង្គភាពពាក់ព័ន្ធ ក្រុមរុករកទាំងអស់ដែលបានចូលរួមក្នុងបេសកកម្មនេះដ៏សំខាន់មួយនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអរគុណចំពោះប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ដែលបានបង្ហាញនូវសមានចិត្តព្រួយបារម្ភ និងការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមរុករក ដើម្បីស្វែងរកអាកាសយានិករបស់យើងក្នុងភូមិសាស្ត្រ និងអាកាសធាតុដ៏លំបាកនេះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមយ៉ាងមុតមាំថានឹងអាចរកឃើញអាកាសយានិកទាំងពីររូបក្នុងពេលឆាប់ៗនេះ៕