ភ្នំពេញ៖ អនុស្សរណៈនៃការយោគយល់ស្តីពីកម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលបារាំង ដើម្បីផ្តល់អាហារូបកណ៍ដល់និស្សិតឆ្នើមកម្ពុជាទៅសិក្សាថ្នាក់បណ្ឌិតជំនាញបច្ចេកវិទ្យាឌីជីថលនៅសាកលវិទ្យាប្រទេសបារាំង ត្រូវបានចុះហត្ថលេខារវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដោយលោក សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ជាមួយស្ថានទូតបារាំងប្រចាំកម្ពុជា ដោយលោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រសៀលថ្ងៃទី២២ កក្កដា ២០២៤។
អនុស្សរណៈមានគោលបំណងដើម្បីបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានរួមគ្នាក្នុងការផ្តល់អាហារូបកណ៍ដល់និស្សិតឆ្នើមកម្ពុជាទៅសិក្សាថ្នាក់បណ្ឌិតជំនាញបច្ចេកវិទ្យាឌីជីថលនៅសាកលវិទ្យាប្រទេសបារាំង។ កិច្ចសហប្រតិបត្តិការនេះ ជាកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើនមូលធនមនុស្សជំនាញឌីជីថល និងការលើកកម្ពស់សមត្ថភាពស្រាវជ្រាវនិងនវានុវត្តន៍ គាំទ្រដល់ការសម្រេចបាននូវផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥។
លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ៕