លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល «សូមបង្កើនការយកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាពសេវាសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាល»
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ ខែកក្កដា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។
ជាកិច្ចចាប់ផ្តើម លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូនថ្នាក់ដឹកនាំ ក្នុងការចុះពិនិត្យមូលដ្ឋានសុខាភិបាល នៅខេត្តភូមិភាគឦសាន ជាប់ព្រំដែនប្រទេសឡាវ និងប្រទេសវៀតណាម កាលពីថ្ងៃទី១៨ ដល់២០ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តចំនួន៥ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តត្បូងឃ្មុំ បានវាយតម្លៃខ្ពស់ដល់មន្រ្តីសុខាភិបាលនៅខេត្តទាំង៥ ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។
ក្នុងនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ ក្នុងការចុះពង្រឹងមូលដ្ឋានសុខាភិបាល ដូចខាងក្រោម៖
- សូមយកចិត្តទុកដាក់លើការងារអនាម័យ និងសោភណ្ឌភាពក្នុងទីតាំងផ្តល់សេវាថែទាំព្យាបាល
- សូមបំពេញតម្រូវការទាំងបរិមាណ និងពិសេសគុណភាពជាបន្តបន្ទាប់ លើសម្ភារៈបរិក្ខារ ឱសថ
- ពិនិត្យស្វែងយល់ពីសមត្ថភាពបុគ្គលិករបស់ខ្លួនអំពីចំនុចខ្លាំង និងចំនុចដែលត្រូវបំពេញ និងនាំមានការបណ្តុះបណ្តាលជាប់ជាប្រចាំទៀងទាត់ ទាំងការបណ្តុះបណ្តាលទាំងមុន និងអំឡុងពេលបម្រើការងារ
- ខិតខំកត់ត្រាព័ត៌មានអ្នកជំងឺឱ្យបានគ្រប់ជ្រុងជ្រោយ និងថែរក្សាឯកសារទាំងអស់ឱ្យបានល្អគង់វង្ស
- ពង្រឹងការយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំគ្រោះថ្នាក់នៃការឆ្លងរោគ ក្នុងទីតាំងថែទាំព្យាបាល តាមរយៈវិធានការបង្ការរោគ ដូចជាវិធានលាងសម្អាតដៃ រួមទាំងកាកសំណល់
- ត្រៀមឆ្លើយតបលក្ខណៈបច្ចេកទេស ក្នុងការសង្រ្គោះបន្ទាន់ឱ្យបានទាន់ពេលវេលា រួមទំាងរថយន្តគិលានុសង្រ្គោះ ការទំនាក់ទំនងរវាងអ្នកបញ្ជូន និងកន្លែងទទួល
- ត្រូវទទួលយកនូវព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋ បងប្អូនអ្នកជំងឺ និងអ្នកជំងឺជាយោបល់ក្នុងការស្ថាបនា សំណូមពរបន្ថែម និងការផ្តល់សេវាដោយមិនគិតពីការរើសអើង
- បង្កើនការថែទាំសម្ភារៈបរិក្ខារ និងអគារថែទាំព្យាបាលឱ្យបានល្អ និងនៅរក្សាបានឱ្យប្រើប្រាស់គង់វង្សយូអង្វែង និងបំពាក់ឱ្យបានគ្រប់គ្រាន់នូវសម្ភារ
- ពិចារណារិះរកមធ្យោបាយពង្រីកសេវាជាបន្តបន្ទាប់ ស្របតាមផែនទីបង្ហាញផ្លូវនៃការគ្របដណ្តប់សុខភាពជាសាកល ជាពិសេសសូមពង្រីកសមត្ថភាពផ្នែកបច្ចេកទេសនៅតាមបណ្តាខេត្ត
- បង្កើនជាប់ជាប្រចាំ និងកាន់តែខ្លាំងក្លា សកម្មភាពចុះអប់រំសុខភាព វិធីបង្ការ និងថែទាំសុខភាពទាំងក្នុងមូលដ្ឋានសុខាភិបាល និងក្នុងសហគមន៍។
ជាចុងក្រោយ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថា្នកដឹកនាំទទួលបន្ទុកការងារពង្រឹងគុណភាពសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក សូមបង្កើនការចុះពង្រឹងដល់ឱ្យបានគ្រប់មូលដ្ឋានសុខាភិបាលទូទាំងប្រទេស ដើម្បីជួយពង្រឹងការងារបច្ចេកទេស និងជំរុញការអនុវត្តយុទ្ធសាស្រ្តអាទិភាពរាជរដ្ឋាភិបាល ក្នុងនោះវិស័យសុខាភិបាលជាអាទិភាព១ នៃបញ្ចកោណទី១ មុំទី៣ គឺការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។