ប្រេស៊ីល៖ អាជ្ញាធរប្រេស៊ីល បានបោះបង់ចោលផែនការទទួលស្វាគមន៍អ្នកគាំទ្រទស្សនាផ្ទាល់ការប្រកួតជម្រុះ World Cup រវាងម្ចាស់ផ្ទះប្រេស៊ីល និងអាហ្សង់ទីន ដែលគ្រោងជួបគ្នានៅថ្ងៃអាទិត្យសប្តាហ៍នេះ។ គួរឱ្យដឹងថា ដំបូងឡើយសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) គ្រោងបើកឱ្យទស្សនិកជនចំនួន ១២,០០០នាក់ចូលទស្សនាការប្រកួតដ៏ធំនៃវគ្គជម្រុះ FIFA World Cup តំបន់អាមេរិកខាងត្បូងនេះ ប៉ុន្តែក្រោយមកគម្រោងនេះក៏ត្រូវបានបោះបង់ចោល ដោយសារមូលហេតុនៃការលើកឡើងអំពីពេលវេលាមិនគ្រប់គ្រាន់ សម្រាប់ការទទួលស្វាគមន៍អ្នគគាំទ្រនេះ។
សហព័ន្ធបាល់ទាត់ប្រេស៊ីល បានសន្យាក្នុងការបើកឱ្យមានអ្នកទស្សនារហូតដល់ ១២,០០០នាក់ឡើងវិញនេះ គឺជាជំហានដំបូងនៃការបើកឱ្យទស្សនិកជនចូលទស្សនាការប្រកួតឡើងវិញប៉ុណ្ណោះ ត្បិតកន្លងមកការប្រកួតបាល់ទាត់នៅប្រេស៊ីលរយៈពេលប្រហែល ១ឆ្នាំកន្លះមកហើយដែលត្រូវប្រកួតបិទទ្វារ ដោយស្ថានភាពរាលដាលធ្ងន់ធ្ងរនៃវីរុសកូវីដ-១៩។
យ៉ាងណាក្តី ជំនួសឱ្យទស្សនិកជន ១២,០០០នាក់នេះ មានមនុស្សប្រមាណ ១,៥០០នាក់ប៉ុណ្ណោះត្រូវបានអញ្ជើញជាពិសេសឱ្យទស្សនាការប្រកួត ដែលរៀបចំឡើងនៅកីឡដ្ឋាន Neo Quimica ទឹកដីនៃក្លិបបាល់ទាត់ Sao Paulo club Corinthians ដែលមានទំហំផ្ទុកទស្សនិកជនបាន ៤៨,២៣៤នាក់។
គួរបញ្ជាក់ថា ប្រេស៊ីល នឹងត្រូវបើកយុទ្ធនាការ World Cup របស់ខ្លួន ដោយនឹងត្រូវធ្វើដំណើរទៅជួបជាមួយក្រុមជម្រើសជាតិឈីលី នៅថ្ងៃទី០៣ ខែកញ្ញា មុនជួបអាហ្សង់ទីនក្នុងទឹកដីរបស់ខ្លួននៅថ្ងៃទី០៦ ខែកញ្ញា និងទទួលស្វាគមន៍ ពេរ៉ូក្នុងទឹកដីជាបន្តចុងក្រោយនៅថ្ងៃទី១០ ខែកញ្ញា។ ប្រេស៊ីលបច្ចុប្បន្នកំពុងឈរនៅលើតារាងនៃវគ្គជម្រុះ FIFA World Cup តំបន់អាមេរិកខាងត្បូង ដោយឆ្លងកាត់ ៦ប្រកួតឈ្នះទាំងអស់ នឹងមាន ១៨ពិន្ទុក្នុងដៃ៕