សម័យនេះហើយនៅរកស៉ីបោកប្រាស់គេបែបនេះទៀត! បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ករណីឆបោកលុយពលរដ្ឋជាង ៣០ម៉ឺនដុល្លារ ក្រោមហេតុផលនាំពលករទៅប្រទេសកូរ៉េ
កំពត៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូង ខេត្តកំពត នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ពីបទឆបោកលុយប្រជាពលរដ្ឋដោយភូតភរថា នាំកូនចៅទៅធ្វើការនៅប្រទេសកូរ៉េ។
លោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌខេត្តកំពត បានឱ្យដឹងថា ជនសង្ស័យក្នុងករណីខាងលើឈ្មោះ សាន់ សុកវី ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិអូររលួស ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ ក្រោយទទួលបណ្តឹងពីប្រជាពលរដ្ឋ ២២គ្រួសារ ដែលខាតបង់ប្រាក់អស់ ៤៦.៣០៥ដុល្លារ ចាប់ពីខែមិថុនា ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន ព្រោះតែឈ្មោះ សាន់ សុកវី ឆបោកថា នាំកូនចៅរបស់ពួកគាត់ទៅធ្វើការនៅប្រទេសកូរ៉េ។
ក្នុងករណីនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរិទ្ធ បានបញ្ជាដល់មន្ត្រីជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋានស្រុកកំពង់ត្រាច ចុះស្រាវជ្រាវក្រោមទម្រង់ជាបទល្មើសជាក់ស្តែង។ ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេត ដោយនាំជនសង្ស័យមកសាកសួរ និងមានការណែនាំពីតំណាងអយ្យការអមសាលាដំបូងខេត្ត សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីបន្តនីតិវិធី។
លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ក្រោមគំនិតផ្តួចផ្តើមរបស់ប្អូនថ្លៃស្រីដែលកំពុងធ្វើការនៅប្រទេសកូរ៉េ ពួកគេក៏បានបើកទីតាំងនៅភូមិទួលពង្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ សម្រាប់ភ្ញៀវទំនាក់ទំនងទៅធ្វើការនៅប្រទេសកូរ៉េ។ ក្នុងនាមជាសមាជិកក្រុមការងារដែលទទួលប្រាក់ខែ ៥០០ដុល្លារ ក្នុងមួយខែ ឈ្មោះ សាន់ សុកវី មានតួនាទីចាំទំនាក់ទំនងភ្ញៀវ និងត្រូវបានតម្រូវឱ្យបង្កើតគណនីធនាគារសម្រាប់ទទួលលុយពីអ្នកដាក់ពាក្យធ្វើការ រួចផ្ទេរបន្តចូលគណនីធនាគារមួយទៀតឈ្មោះ KOUY LAIHEANG បន្ទាប់ពីភ្ញៀវបង់មុន ៥០ភាគរយ ពោលគឺ ចន្លោះពី ១.០០០ដុល្លារ ទៅ ២.៥០០ដុល្លារ។
ជនសង្ស័យបានបញ្ជាក់ថា អំឡុងពេលធ្វើការងារ ខ្លួនបានទទួលអ្នកដាក់ពាក្យប្រមាណ ២០០នាក់ មកពីបណ្តារាជធានីខេត្តចំនួន១២ និងទឹកប្រាក់ប្រមាណជាង ៣០ម៉ឺនដុល្លារ។ ដោយសារកូនចៅមិនបានទៅធ្វើការនៅប្រទេសកូរ៉េ ប្រជាពលរដ្ឋក៏នាំគ្នាមកទារលុយវិញ តែជនសង្ស័យប្រាប់ថា លុយទាំងនោះគឺបានផ្ទេរចូលគណនីឈ្មោះ KOUY LAIHEANG អស់ភ្លាមៗក្រោយពេលភ្ញៀវបង់ឱ្យ៕