បារាំង៖ អាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋធានីប៉ារីស ប្រទេសបារាំងបានបង្ហាញក្តីសង្ឃឹមថា នៅតាមដងវិថីនានាក្នុងទីក្រុងប៉ារីស និងប្រកបដោយសុវត្ថិភាព មានភាពស្ងប់ស្ងាត់ កាត់បន្ថយការបំពុលដោយសំឡេង និងបំពុលដោយផ្សែងយានយន្ត ក្រោយពីការកំណត់ល្បឿនបើកបរត្រឹម ៣០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ។
អភិបាលរងក្រុងប៉ារីស លោក David Belliard បានលើកឡើងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ (វិទ្យុ) មួយកាលពីពេលកន្លងទៅថា អាជ្ញាធរទីក្រុងប៉ារីស មានបំណងលើកទឹកចិត្តប្រជាជនរបស់ខ្លួនឱ្យងាកមកធ្វើដំណើរដោយថ្មើរជើង, ជិះកង់ និងប្រើប្រាស់មធ្យោបាយសាធារណៈដែលមានស្រាប់វិញ ហើយការកំណត់ល្បឿននៃការបើកបរត្រឹម ៣០គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងក្រុងប៉ារីសនេះ សំដៅទៅដល់ការកាត់បន្ថយការបំពុលខ្យល់, បំពុលដោយសំឡេង និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរនៅក្នុងទីក្រុង។
ដោយឡែក អភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo ដែលមានអាណ្ណត្តិ ៦ឆ្នាំក្នុងតំណែង កន្លងមកក៏បានកែលម្អ និងសាងសង់គន្លងផ្លូវសម្រាប់អ្នកជិះកង់បន្ថែមក្នុងក្រុង, ដាក់បំរាមទៅលើរថយន្តចាស់ៗដែលប្រើឥន្ធនៈ ព្រមទាំងវិធីសាស្រ្តកាត់បន្ថយទីតាំងចំណតក្នុងក្រុង ដើម្បីកាត់បន្ថយចំនួនរថយន្តផងដែរ។
គួរឱ្យដឹងថា កន្លងមកការកំណត់ល្បឿន ៣០គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងទីក្រុងប៉ារីសនេះ បានគ្របដណ្តប់ប្រមាណ ៦០ភាគរយនៃទីក្រុងប៉ារីសរួចមកហើយ ប៉ុន្តែពេលនេះបានឈានមកដល់ការគ្រប់ដណ្តប់ការអនុវត្តលើផ្ទៃដីទាំងស្រុងតែម្តង។ យ៉ាងណាក៏ដោយ ក៏នៅមានតំបន់មួយចំនួនមិនស្ថិតក្រោមបំរាមនេះដែរ ពោលគឺដូចជានៅវិថី Champs Elysees ដែលកំណត់ល្បឿនបានដល់ ៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕