កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ ចាប់ផ្តើមនៅក្រុងសៀមរាប ប្រទេសកម្ពុជា
សៀមរាប, ២២ កក្កដា ២០២៤ សិស្សអនុវិទ្យាល័យ និងវិទ្យាល័យចំនួន ២២៥ នាក់ មកពីប្រទេសអាស៊ានទាំង១០ រួមទាំងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង បានមកជួបប្រជុំគ្នានៅក្រុងសៀមរាប ប្រទេសកម្ពុជា ដើម្បីចូលរួម “កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០”។
កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេង ជាព្រឹត្តិការណ៍អប់រំប្រចាំឆ្នាំ ដែលមានគោលដៅជំរុញការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ផ្នែកវិទ្យាសាស្ត្រ ក្នុងចំណោមយុវជនដែលមានអាយុចាប់ពី១៣ ដល់ ១៥ ឆ្នាំ នៃប្រទេសអាស៊ានបូកបី។ កម្មវិធីនេះបណ្ដុះយុវជនជំនាន់ក្រោយដែលមានចំណាប់អារម្មណ៍ក្លាយជាវិស្វករ និងអ្នកវិទ្យាសាស្ត្រ ដោយត្រៀមពួកគេដើម្បីប្រឈមនឹងបញ្ហានាពេលអនាគត។
ថ្លែងក្នុងពិធីបើក លោកបណ្ឌិត ញឹម ខេមរា ប្រធានគណៈកម្មាធិការរៀបចំកម្មវិធី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ «កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ បាននាំយកយុវជនវ័យក្មេងពីបណ្តាប្រទេសអាស៊ានបូកបី ដើម្បីចូលរួមសិក្សាស្វែងយល់ និងបង្កើតនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រនៅលើទឹកដីនៃខេត្តសៀមរាប។ កម្មវិធីនេះផ្តល់ឱកាសពិសេសមួយសម្រាប់អ្នកដឹកនាំអនាគតរបស់យើង ដើម្បីឱ្យពួកគេបង្ហាញពីទេពកោសល្យ ផ្លាស់ប្តូរគំនិត និងសហការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ»។
កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ ប្រព្រឹត្តទៅពីថ្ងៃទី២២-២៦ ខែកក្កដា ឆ្នាំ២០២៤ និងត្រូវបានរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយមជ្ឈមណ្ឌលអាស៊ាន+៣ សម្រាប់អ្នកដែលមានទេពកោសល្យក្នុងវិស័យវិទ្យាសាស្ត្រ (ACGS) ។ ប្រធានបទឆ្នាំនេះ គឺ “ការប្រជែងនឹងការប្រែប្រួលអាកាសធាតុ” បង្ហាញពីតម្រូវការបន្ទាន់នៃដំណោះស្រាយនវានុវត្តន៍ សម្រាប់បញ្ហាដ៏ធំបំផុតមួយរបស់ពិភពលោក គឹការប្រែប្រួលអាកាសធាតុ។
លេខាធិការដ្ឋានអាស៊ានបានបន្តគាំទ្រដល់សកម្មភាពទាំងឡាយនៃកម្មវិធីនេះ ដែលស្របតាមចក្ខុវិស័យរបស់សមាគមន៍អាស៊ានឆ្នាំ២០២៥ សំដៅលើកកម្ពស់សហគមន៍មួយដែលមានភាពប្រកួតប្រជែង នវានុវត្តន៍ និងជវភាព ជាមួយនឹងកំណើនផលិតភាពដ៏រឹងមាំ។
លោកស្រីបណ្ឌិត Kanchana Wanichkorn ប្រធានផ្នែកអភិវឌ្ឍន៍វិស័យនៃលេខាធិការដ្ឋានអាស៊ាន បានលើកឡើងថា៖ «កម្មវិធីឆ្នាំនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់រដ្ឋជាសមាជិកអាស៊ាន និងប្រទេសអាស៊ានបូកបី។ វា ផ្តល់ជាវាទិកាមួយសម្រាប់ឱ្យយុវជនដែលមានទេពកោសល្យ បានមកជួបជុំគ្នា និងសហការនៅក្នុងវិស័យវិទ្យា សាស្ត្រ និងបច្ចេកវិទ្យា ដោយលើកទឹកចិត្តឱ្យមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ ដើម្បីត្រៀមពួកគេឱ្យក្លាយជាវិស្វករ និងអ្នកវិទ្យាសាស្ត្រដែលពោរពេញដោយសមត្ថភាពនាពេលខាងមុខ»។
លោកស្រីបានបន្តទៀតថា៖ «តាមរយៈការបណ្តុះស្មារតីចង់ដឹងចង់ឮ ការសហការ និងការប្តេជ្ញាចិត្តក្នុងការជំរុញ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា យើងចូលរួមជាមួយមជ្ឈមណ្ឌល ACGS ដើម្បីផ្តល់ភាពអង់អាចដល់សិស្ស គ្រូបង្រៀន និងសហគមន៍របស់យើង ឱ្យក្លាយជាភ្នាក់ងារដឹកនាំការផ្លាស់ប្តូរសម្រាប់បញ្ហាចាំបាច់របស់ពិភពលោក»។
សាស្ត្រាចារ្យ Soo-Young Lee នាយកកម្មវិធីនៃមជ្ឈមណ្ឌល ACGS បានលើកឡើងថា៖ «ចាប់តាំងពីកម្មវិធីនេះត្រូវបានបង្កើតនៅក្នុងឆ្នាំ២០១០ មជ្ឈមណ្ឌល ACGS បានប្តេជ្ញាចិត្តរៀបចំកម្មវិធីចម្រុះសម្រាប់សិស្ស និងគ្រូបង្រៀនផ្នែកវិទ្យាសាស្រ្តនៅក្នុងតំបន់អាស៊ាន។ នៅឆ្នាំនេះ យើងមានបំណងផ្តល់បទពិសោធន៍ពិសេសគួរឱ្យចងចាំមួយ។ ការចូលរួមដ៏ក្លៀវក្លារបស់ប្រទេសនីមួយៗនៅក្នុងកម្មវិធីបោះជំរុំសិស្ស និងសិក្ខាសាលាគ្រូ ពិតជាគួរឱ្យរំភើប។ យើងសូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះប្រទេសអាស៊ានដែលបានបញ្ជូនប្រតិភូជាតិមកចូលរួមក្នុងកម្មវិធីទាំងនេះ»។
ឯកឧត្តមបណ្ឌិត ញឹម ខេមរា បានបន្ថែមថា ខណៈដែលអ្នកចូលរួមកំពុងចាប់ផ្តើមកម្មវិធីរយៈពេល ៥ ថ្ងៃដើម្បី សិក្សាស្វែងយល់ផ្នែកវិទ្យាសាស្ត្រ អភិវឌ្ឍខ្លួនឯង និងបង្កើតមិត្តភាព ពួកគេគួរចងចាំទស្សនៈរបស់អ្នកជំនាញនវានុវត្តន៍ដ៏ល្បីមួយរូបគឺលោក Peter Drucker ដែលបានលើកឡើងថា “នវានុវត្តន៍មិនចាំបាច់ទាល់តែបង្កើតអ្វីដែលថ្មីនោះទេ ប៉ុន្តែក៏អាចជាការប្រើប្រាស់ចំណេះដឹង និងធនធានដែលយើងមានឱ្យកាន់តែប្រសើរផងដែរ”។
អាស៊ានបូកបី មាន១៣ប្រទេស រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០គឺ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម រួមនឹងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។ ក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានបូកបីផ្តោតលើវិស័យផ្សេងៗ រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌៕