សៀមរាប៖ ជនសង្ស័យឈ្មោះ ធន ឆវ័ន្ត ហៅ ណាត់ ឬម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវបានឃាត់ខ្លួន ខណៈថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ចំនួន ១០ដុំ (មានទម្ងន់សុទ្ធ ៩.៩៥៥,៦៥ ក្រាម) និង ថ្នាំញៀនមេតំហ្វេតាមីន ប្រភេទគ្រាប់ពណ៌ផ្កាឈូក ចំនួន ៥គ្រាប់ (០,៥០ ក្រាម) ត្រូវបានដកហូត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។
អ្នកនាំពាក្យបានឱ្យជ្រាបថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ ១០១៦ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនចំនួន ១០ដុំ មានទម្ងន់ ៩.៩៥៥,៦៥ក្រាម។
ក្រោយពីបានពិនិត្យសំណុំរឿង ស្តាប់ចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានា តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ ធន ឆវ័ន្ត និងបក្ខពួកពីបទ ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។
អ្នកនាំពាក្យថា បទល្មើសព្រហ្មទណ្ឌនេះមានចែងនិងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤០ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១៥២៨ អយដ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ បញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕