ភ្នំពេញ៖ ជនត្រូវចោទចំនួន ០២នាក់ រួមមានឈ្មោះ នី ភារោច ភេទប្រុស និងឈ្មោះ វង់ សំអុន ភេទប្រុស និងជនត្រូវចោទចំនួន ម្នាក់ទៀត រួមទាំងបក្ខពួកកំពុងគេចខ្លួនត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២១៨ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទទាំង ០២ នាក់ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថាសាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៧៣២ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ទាក់ទិននឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលករណីនេះ បង្កឡើងដោយក្រុមក្មេងទំនើងមានគ្នា ០៦នាក់ បានយកមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសម្នាក់ ត្រង់សៀតផ្កាខាងឆ្វេង។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានអះអាងថា ចំពោះសកម្មភាពរបស់ក្មេងទំនើងដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ តុលាការបាននិងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹង៕