ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈបានអះអាងថា ការកែសន្លឹកកិច្ចការរបស់បេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា (វិញ្ញាសាសរសេរលើកទី១) ត្រូវចាប់ផ្តើមកែហើយនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បន្ទាប់ពីការប្រឡងប្រជែងជ្រើសរើសត្រូវបានបញ្ចប់។
ក្រសួងមុខងារសាធារណៈថា ការកែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា បានប្រព្រឹត្តទៅស្របតាមនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។
នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល គេសង្កេតឃើញវត្តមានរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានដឹកនាំពិនិត្យដោយផ្ទាល់ទៅលើរបៀបរបប និងនីតិវិធីកែសន្លឹកកិច្ចការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា (វិញ្ញាសាសរសេរលើកទី១)។ ថ្នាក់ដឹកនាំ អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមការងារអនុគណៈកម្មការជំនាញ អ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យ និងសាធារណជនដាក់ពាក្យចូលរួមស្ម័គ្រចិត្ត ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបក៏មានវត្តមាននៅទីនោះដែរ។
ដំណើរការនៃការធ្វើកំណែសន្លឹកកិច្ចការរជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា បានចាប់ផ្តើមពីម៉ោង ៨:០០ព្រឹក តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ស្របតាមនិយាមនីតិវិធីប្រតិបត្តិដែលបានកំណត់ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕