នាយករដ្ឋមន្ត្រីសរសើរទេសាភិបាលធនាគារជាតិ ចំពោះចំណាត់ការចាយក្រដាស់ប្រាក់ដុល្លារអាមេរិកចាស់ ប្រឡាក់ ឬខូចខាតខ្លះ នៅខេត្តសៀមរាប
ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃច័ន្ទ ទី២២ ខែកក្កដា បានអរគុណនិងកោតសរសើរចំពោះទេសាភិបាលធនាគារជាតិនៃកម្ពុជា លើចំណាត់ការដ៏ឆាប់រហ័សដាក់ចេញនូវគោលការណ៍ពាក់ព័ន្ធនឹងការសម្រួលលក្ខខណ្ឌសម្រាប់ការចាយក្រដាស់ប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ នៅខេត្តសៀមរាប។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិកដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ បានបង្កការលំបាកសម្រាប់ការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលបញ្ហានេះ ត្រូវបានបងប្អូនអ្នកលក់ដូរប្រាប់ខ្ញុំផ្ទាល់ ពេលដែលខ្ញុំចុះទៅ Pub Street កាលពីយប់ថ្ងៃទី ១៧ កក្កដា ២០២៤ កន្លងទៅនេះ»។
នាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមថាចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា នឹងលុបបំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាមេរិក និងជួយសម្រួលដល់ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាទេសចរណ៍ដែលទស្សនាខេត្តសៀមរាបផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យសាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប បណ្ដាធនាគារឯកជនទាំងអស់នៅក្នុងខេត្តសៀមរាប និងបណ្ដាអាជីវកម្មឯកជន ប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់នៅក្នុងខេត្ត ចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជាឱ្យបានស្រុះគ្នា ជៀសវាងកុំឱ្យមានបញ្ហាពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬប្រឡាក់បន្តទៀត៕