ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានរកឃើញថាការទារកម្រៃសេវាពីអតិថិជនចំពោះការចាយប្រាក់ដុល្លាចាស់ ទក់ រហែក ក្នុងខេត្តសៀមរាបនាពេលកន្លងមកគឺជាផ្នែកមួយនៃការបាត់បង់ភ្ញៀវទេសចរណ៍។ នេះគឺជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី កាលពីថ្ងៃអាទិត្យ ទី២១ ខែកក្កដា។
ភ្លាមៗបន្ទាប់ពីប្រតិកម្មរបស់នាយករដ្ឋមន្ត្រី, ធនាគារជាតិនៃកម្ពុជាបានដាក់ចេញវិធានការមួយចំនួនដើម្បីអនុវត្តនៅក្នុងខេត្តសៀមរាប ដែលរួមមានយន្តការបន្ទាន់ និងយន្តការបន្តទៀត។
ធនាគារជាតិនៃកម្ពុជា បានតម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាបទទួលយកប្រាក់ដុល្លារអាមេរិកចាស់ឬប្រឡាក់ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន លើកលែងតែក្រដាសនោះជាប្រាក់ក្លែងក្លាយ។ ក្នុងករណីក្រដាសប្រាក់ដុល្លារចាស់ខ្លាំងដែលគិតថាមិនគួរបន្តឱ្យចរាចរនៅលើទីផ្សារបាន ធនាគារពាណិជ្ជនៅក្នុងខេត្តសៀមរាបត្រូវបញ្ជូនបន្តទៅប្តូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិខេត្តសៀមរាប ដោយពុំមានគិតកម្រៃសេវា និងពុំចាំបាច់រង់ចាំផ្ញើទៅទីស្នាក់ការកណ្តាលរបស់ធនាគារពាណិជ្ជនៅរាជធានីភ្នំពេញនោះទេ។
ធនាគារជាតិនៃកម្ពុជា បានតម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់នៅខេត្តសៀមរាបដាក់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ២០ដុល្លារអាមេរិក និង៥០ ដុល្លារអាមេរិក ជំនួសក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១០០ដុល្លារអាមរិក នៅក្នុងម៉ាស៊ីនដកប្រាក់ (ATMs) ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរ។ ដោយឡែក ការ ដាក់ប្រាក់បញ្ញើតាមម៉ាស៊ីនដាក់ប្រាក់គឺនៅទទួលគ្រប់ប្រភេទក្រដាសប្រាក់ដុល្លារអាមេរិក។
ការរៀបចំផ្សព្វផ្សាយទៅកាន់អាជីវករប្តូរប្រាក់ ម្ចាស់សណ្ឋាគារនិងភោជនីយដ្ឋាន នឹងត្រូវធ្វើឡើងដើម្បីឱ្យមានការយល់កាន់តែច្បាស់និង គាំទ្រចំពោះវិធានការដែលបានដាក់ចេញខាងលើ និងត្រៀមសហការជាមួយធនាគារជាតិនៃកម្ពុជាក្នុងការអនុវត្តយន្តការបន្តទៀត។
ចំណែកឯយន្តការបន្តទៀតមាន ២យន្តការ គឺជំរុញការប្រើប្រាស់កម្មវិធីទូរស័ព្ទ Bakong Tourist App ដើម្បីគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា និងសហការជាមួយក្រុមហ៊ុនលក់ម៉ាស៊ីនរាប់ស្រាល់ជ្រើស ដើម្បីកំណត់លក្ខខណ្ឌស្តង់ដារមួយ ដែលមានសង្គតិភាពរវាងម៉ាស៊ីនរាប់ស្រាល់ជ្រើសរបស់ធនាគារជាតិនិង ធនាគារពាណិជ្ជ ក៏ដូចជារវាងម៉ាស៊ីនរបស់ធនាគារពាណិជ្ជនិងធនាគាពាណិជ្ជ៕