ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីឃាតកម្មប្រើកូនកាំបិត ចាក់បណ្តាលឲ្យជនរងគ្រោះស្លាប់។
ករណីឃាតកម្មនេះបានកើតឡើងកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២១៖២០នាទី នៅផ្លូវលំ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនសង្ស័យត្រូវបានប៉ូលីសកំណត់អត្តសញ្ញាណថាឈ្មោះ លី ជីវ័ន្ត ហៅ ពយ ភេទប្រុស អាយុប្រហែល៣៣ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពស្ទុះយកកាំបិតចាក់សម្លាប់ជនរងគ្រោះឈ្មោះ ចាន់ ឆៃយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ក្រោយពីបានទាស់ពាក្យសម្តី និងប្រតាយប្រតប់ក្នុងវ៉ូងផឹកស៊ី ។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូម៉ាកស្កូបពី ពណ៌ស មិនចាំផ្លាកលេខគេចខ្លួនបាត់។
តាមការចេញផ្សាយរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន, នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦:១០នាទី កម្លាំងជំនាញនៃនាយកដ្ឋានព្រហ្មទណ្ឌបានដឹកនាំការស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យខាងលើនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយពីកម្លាំងប៉ូលីសបានធ្វើការសាកសួរបឋម ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះប្រាកដមែន ក្រោយពីទាស់ពាក្យសម្តី និងប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះ។ បច្ចុប្បន្ននាយកដ្ឋាន កំពុងអនុវត្តបន្ដតាមនីតិវិធី៕