
នគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាបជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន បញ្ជូនចំនួន៣នាក់ជាជនជាតិថៃ និងវត្ថុតាង ទៅសាលាដំបូងខេត្ត
បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញបានបង្ហាញមុខសញ្ញាជនសង្ស័យជាជនជាតិថៃចំនួន៣នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ជិត៤០០០គ្រាប់ និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី ។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា អនុវត្តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលដោយ លោក សំរិទ្ធិ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៧យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅបន្ទប់ជួលយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់(ជនជាតិថៃ) ។
លោកឧត្តមសេនីយ៍ត្រី ស្នងការរងបន្តថា៖ជនសង្ស័យទាំង៣នាក់មានឈ្មោះ៖១.ឈ្មោះ tananat kerdnoy ភេទប្រុស អាយុ៤៤ឆ្នាំ, ២.ឈ្មោះ tanakorn eikeiv ភេទប្រុស អាយុ២២ឆ្នាំ ,៣.ឈ្មោះ veerapat trainut អាយុ២៨ឆ្នាំ។ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនរបាលស្រាវជ្រាវរកឃើញ វត្ថុតាងរួមមាន៖១-ថ្នាំគ្រាប់WY ចំនួន១៩កញ្ចប់ ស្មើ ៣៨០០គ្រាប់,២-ម្សៅម៉ត់ (ខេ) មួយកូនថង់,៣-ថ្នាំគ្រាប់ អ៊ិចស្តាស៊ី ២គ្រាប់,៤-ទូរស័ព្ទដៃចំនួន០៣គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងកម្លាំងនគរបាលជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងអនុវត្តតាមនិតិវិធី ៕