រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន
អន្តរជាតិ៖ រដ្ឋាភិបាលកាណាដាបានឱ្យដឹងកាលពីយប់ថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly នឹងមានជំនួបជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi នាថ្ងៃទី១៩ ខែកក្កដានេះ នៅឯរដ្ឋធានីប៉េកាំង ប្រទេសចិន សម្រាប់កិច្ចពិភាក្សាស្តីពីទំនាក់ទំនងទ្វេភាគី និងបញ្ហាសន្តិសុខមួយចំនួន។ ក្រសួងការបរទេសកាណាដាបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា លោកស្រី Melanie Joly អញ្ជើញបំពេញទស្សនកិច្ចនៅឯប្រទេសចិនជាលើកដំបូងបង្អស់ក្នុងនាមជារដ្ឋមន្ត្រីការបរទេស តបតាមការអញ្ជើញរបស់លោក Wang Yi។
លោកស្រី Melanie Joly និយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា នៅពេលដែលពិភពលោកប្រឈមមុខនឹងបញ្ហាសកលលោកកាន់តែស្មុគស្មាញ កាណាដាបានប្តេជ្ញាចិត្តក្នុងការចូលរួមប្រកបដោយប្រសិទ្ធភាពជាមួយបណ្តាប្រទេសជាច្រើន ដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិ និងរក្សាគុណតម្លៃរបស់កាណាដា។ គួរបញ្ជាក់ថា ទំនាក់ទំនងចិន-កាណាដាបានធ្លាក់ចូលក្នុងវិបត្តិចាប់តាំងពីឆ្នាំ២០១៨ ដែលកាលណោះនាយកប្រតិបត្តិជនជាតិចិនម្នាក់ត្រូវបានឃុំខ្លួននៅក្នុងប្រទេសកាណាដា និងមានការចាប់ខ្លួនជនជាតិកាណាដាពីរនាក់នៅក្នុងប្រទេសចិន។ យ៉ាងណាមិញ ក្រោយមកបុគ្គលទាំងបីនាក់ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ប៉ុន្តែភាពតានតឹងនៅតែបន្តកើតមានដោយរដ្ឋាភិបាលក្រុងអូតាវ៉ាបានចោទប្រកាន់ចិនថាបានលូកដៃជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កាណាដា។
ដំណើររបស់រដ្ឋមន្ត្រីការបរទេសកាណាដាគ្រានេះធ្វើឡើងក្រោយមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីសមាជិកអង្គការណាតូ រួមទាំងកាណាដាផងនោះ បានចេញសេចក្តីប្រកាសរួមគ្នាមួយ ដែលអង្គការសម្ព័ន្ធភាពយោធានេះបានចាត់ទុកចិនថាជា "តួអង្គសំខាន់" នៃកិច្ចខិតខំប្រឹងប្រែងក្នុងសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយបាននិយាយថា ទីក្រុងប៉េកាំងបានបង្កបញ្ហាជាប្រព័ន្ធចំពោះសន្តិសុខអឺរ៉ូ-អាត្លង់ទិក។ សូមបញ្ជាក់ថា ខណៈដែលដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំងរបស់ លោកស្រី Joly ត្រូវបានប្រកាសជាមួយនឹងការជូនដំណឹងយ៉ាងខ្លីនេះ លោកស្រីក៏កំពុងមានវត្តមាននៅទ្វីបអាស៊ីស្រាប់ ព្រមទាំងបានជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Cho Tae-yul នៅទីក្រុងសេអ៊ូលកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញផងដែរ៕