ខេត្តកំពង់ចាមចាប់ផ្តើមអនុវត្តការរុះរើប៉ាណូ ស្លាកយីហោផ្សព្វផ្សាយស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទនៅទូទាំងខេត្ត
ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែកក្កដានេះ បានជម្រាបដល់អភិបាលនៃគណៈអភិបាល ក្រុង-ស្រុកទូទាំងខេត្តថា គ្រប់ទីកន្លែងនានាទូទាំងខេត្តកំពង់ចាមត្រូវធ្វើការរុះរើប៉ាណូ ឬផ្លាកពាណិជ្ជកម្ម ដែលមានរូបភាពស្រាបៀរ ឬគ្រឿងស្រវឹងចេញ និងផ្លាស់ប្តូរផ្លាកយីហោដែលមានរូបភាពផ្សព្វផ្សាយស្រាបៀរ ឬគ្រឿងស្រវឹង ទៅជាផ្លាក យីហោដែលរូបភាពផ្សព្វផ្សាយភេសជ្ជៈវិញ ដោយទុករយៈពេល ១សប្តាហ៍។
ក្នុងនោះផងដែរ រដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់ថា ដើម្បីចូលរួមចំណែកការលើកកម្ពស់សីលធម៌សង្គម ការស់នៅប្រកបដោយសុខដុមនីយកម្ម ក្នុងគ្រួសារខ្មែរ គ្មានអំពើហឹង្សា អំពើពាលា និងចូលរួមរក្សាសណ្តាប់ធ្នាប់ សោភ័ណភាព នៅតាមដងផ្លូវ ទីប្រជុំជននានាក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការណែនាំដល់លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក ដូចខាងក្រោម៖
១-លោកអភិបាលក្រុង-ស្រុក ត្រូវចុះអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់អវិជ្ជមាននៃការ ផ្សព្វផ្សាយគ្រឿងស្រវឹង តាមរយៈផ្ទាំងរូបភាពពាណិជ្ជកម្មជាដើម ជូនបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដែលមានលើកផ្លាកយីហោផ្សព្វផ្សាយគ្រឿងស្រវឹង ឱ្យធ្វើការរុះរើ ឬឱ្យធ្វើ ការផ្លាស់ប្តូរផ្លាកយីហោដែលមានរូបភាពផ្សព្វផ្សាយស្រាបៀរ ឬគ្រឿងស្រវឹង ទៅជាផ្លាក យីហោដែលរូបភាពផ្សព្វផ្សាយភេសជ្ជៈវិញ។
២-លោកអភិបាលក្រុង-ស្រុក ត្រូវធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្ម ម្ចាស់ផ្លាកយីហោឱ្យជូនដំណឹងដល់ក្រុមហ៊ុនដែលផ្សព្វផ្សាយពាណិជ្ជកម្ម មករុះរើប៉ាណូ ឬផ្លាកពាណិជ្ជកម្ម ដែលមានរូបភាពស្រាបៀរ ឬគ្រឿងស្រវឹងចេញ ដោយទុករយៈពេល ១សប្តាហ៍ មុននឹងអាជ្ញាធរចុះអនុវត្ត វិធានការរុះរើ។
៣-លោកអភិបាលក្រុង-ស្រុក ត្រូវចុះអនុវត្តវិធានការ អប់រំផ្សព្វផ្សាយ បំផុសស្មារតីឱ្យមានការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម ក្នុងការអនុវត្តវិធានការនេះ។
៤- លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក ត្រូវណែនាំដល់ប្រធានការិយាល័យច្រកចេញ ចូលតែមួយ ត្រូវត្រួតពិនិត្យសំណើបើកអាជីវកម្ម ឬលើកផ្លាកយីហោនានា ដោយត្រូវជៀសវាងដាច់ខាតការផ្សព្វផ្សាយគ្រឿងស្រវឹង ឬស្រាបៀរ៕