ភ្នំពេញ៖ ក្នុងជំនួបរវាងប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ជាមួយ លោកវ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញ សមត្ថភាពថ្មីនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកអគ្គរដ្ឋទូតចិនបានអរគុណសម្ដេចតេជោដែលបានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិនអំឡុងពេលដែលមានការផ្ទុះកូវីដ១៩ ដែលធ្វើឱ្យប្រជាជនចិន និងពិភពលោកមានការភ្ញាក់ផ្អើល និងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានចាត់ទុកថា «សម្ដេចតេជោជាមិត្តល្អសម្រាប់ប្រជាជនចិន ដែលគាំទ្រគ្នាក្នុងគ្រាមានអាសន្ន។ ដូចនេះ សុខទុក្ខរបស់កម្ពុជា គឺជាសុខទុក្ខរបស់ប្រទេសចិនដូចគ្នា»។
លោក វ៉ាង បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកប្រធានាធិបតីចិន ស៊ី ជិនពីង និងលោកនាយករដ្ឋមន្ត្រីចិន លី ឈាង, ប្រធានសភាចិន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតជូនសម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា។
លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា សម្តេចតេជោ ជាមិត្តចាស់ដ៏ពិតប្រាកដរបស់ចិន ដែលបានគាំទ្រគ្នាទៅវិញទៅមក។ លោក វ៉ាង បានបន្ថែមថា សម្តេចតេជោ គឺជាអ្នកនយោបាយ ជាមេដឹកនាំកំពូល និងជាអ្នកយុទ្ធសាស្ត្រដ៏ឆ្នើមក្នុងការដឹកនាំមាគ៌ាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាពនិងការអភិវឌ្ឍជឿនលឿនដូចសព្វថ្ងៃ។ លោបបានកោតសរសើរ សម្ដេចតេជោ ដែលបានចូលរួមដោយផ្ទាល់ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ក្នុងការពូនជ្រំទំនាក់ទំនងមិត្តភាពយូរអង្វែងកម្ពុជា-ចិន ។
សម្តេចតេជោ និង ឯកឧត្តម ស៊ី ជីនពីង បានឯកភាពគ្នាដាក់ចេញនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជាផែនទីចក្ខុវិស័យក្នុងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរសំដៅសម្រេចបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។
លោកឯកអគ្គរដ្ឋទូត បានបេ្តជ្ញានឹងពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច-សង្គម, សន្តិសុខ-យោធា, និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ លោកឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញ សម្តេចប្រធានព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលវេលាសមស្របណាមួយនាពេលខាងមុខ ។
ជាកិច្ចឆ្លើយតប សម្ដេចតេជោប្រធានព្រឹទ្ធសភាព បានអរគុណចំពោះលោកឯកអគ្គរដ្ឋទូត ដែលបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកប្រធានាធិបតី ស៊ី ជិនពីង, នាយករដ្ឋមន្ត្រី, ប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស និងថ្នាក់ដឹកនាំដទៃទៀតនៃប្រទេសចិន។
សម្តេចតេជោ បានគូសបញ្ជាក់អំពីសារៈសំខាន់មិនអាចខ្វះបាននៃទំនុកចិត្តនិងការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក ក្នុងការវិវត្តនៃទំនាក់ទំនងរវាងកម្ពុជា-ចិន ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួម។
ប្រធានព្រឹទ្ធសភាសម្ដេចតេជោ បានបន្ថែមថា កម្ពុជាបានរក្សាចំណងមិត្តភាពជាប្រពៃណីដ៏ល្អនេះតាំងពីថ្នាក់ដឹកនាំជំនាន់មុន ហើយថ្នាក់ថ្នមថែរក្សាទំនាក់ទំនងនេះឱ្យមានភាពរឹងមាំជារៀងរហូតមក។ សម្ដេចតេជោបានចាត់ទុកថា ទំនាក់ទំនងជាប្រវត្តិសាស្ត្រ រវាងប្រទេសទាំងពីរ តម្រូវឱ្យប្រទេសយើងទាំងពីរនៅតែជាដៃគូដ៏ស្មោះត្រង់ជាមួយគ្នា។
សម្ដេចបានរំលឹកថា ទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសចិន កាលពីផ្ទុះខ្លាំងនូវជំងឺកូវីដ-១៩នោះ គឺជាការបង្ហាញពីសាមគ្គីភាពចំពោះប្រជាជនកម្ពុជា ជាមួយប្រជាជនចិនក្នុងគ្រាដ៏លំបាក និងពីការលើកទឹកចិត្ត ចំពោះនិស្សិតកម្ពុជាដែលកំពុងស្នាក់នៅ និងបន្តការសិក្សានៅប្រទេសចិន។ សម្ដេចតេជោបានអរគុណដល់ប្រទេសចិនដែលបានផ្ដល់នូវវ៉ាក់សាំងកូវីដ-១៩ មកដល់កម្ពុជាជាបន្តបន្ទាប់។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចនឹងស្ថិតនៅយូរអង្វែង ហើយបើទោះបីជាមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីក៏ដោយ ក៏ជំហររបស់កម្ពុជាជាមួយមិត្តចិន ពុំមានការផ្លាស់ប្ដូរនោះទេ។ សម្តេចតេជោ បានស្នើឱ្យមិត្តចិនបន្តការគាំទ្រកម្ពុជាជាបន្តទៀតលើការអភិវឌ្ឍគ្រប់វិស័យ ។ សម្តេចតេជោ ក៏បានរំលឹកពីជំហររបស់កម្ពុជាក្នុងការប្រកាន់ខ្ជាប់នូវ “នយោបាយចិនតែមួយ” ហើយចាត់ទុកបញ្ហាហុងកុង ចិនតៃវ៉ាន់ ទីបេ និងស៊ីនជាំងជាបញ្ហាផ្ទៃក្នុងរបស់ចិន៕