អន្តរជាតិ៖ ក្រសួងការបរទេសកោះតៃវ៉ាន់បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កោះតៃវ៉ាន់បានប្តេជ្ញាចិត្តក្នុងការជំរុញវិស័យការពារជាតិរបស់ខ្លួន និងពង្រឹងកិច្ចសហការជាមួយសហរដ្ឋអាមេរិក ស្របពេលបេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីពេលថ្មីៗនេះថា តៃវ៉ាន់គួរតែចំណាយលុយដើម្បីទទួលបានការការពារ (ពីសហរដ្ឋអាមេរិក)។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រលើឆាកអន្តរជាតិ និងជាដៃគូផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ បើទោះបីជាភាគីទាំងពីរមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយគ្នាក៏ដោយ។
រដ្ឋាភិបាលកោះតៃវ៉ាន់បានធ្វើទំនើបកម្មលើវិស័យការពារជាតិជាអាទិភាពមួយ រួមទាំងការអភិវឌ្ឍន៍នាវាមុជទឹកដោយខ្លួនឯង និងបានអះអាងជាច្រើនលើកច្រើនសារថា សន្តិសុខ និងសុវត្ថិភាពរបស់កោះតៃវ៉ាន់គឺស្ថិតលើដៃរបស់កោះនេះខ្លួនឯងទាំងស្រុង ខណៈការចំណាយលើវិស័យការពារជាតិសម្រាប់ឆ្នាំ២០២៤ មានទំហំប្រមាណ ២.៥ភាគរយនៃផលិតផលក្នុងស្រុកសរុប ដែលជាតួលេខខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។
ថ្លែងទៅកាន់់អ្នកសារព័ត៌មាន លោក Kuoyu Chiao អនុប្រធាននាយកដ្ឋានអាមេរិកខាងជើងនៃក្រសួងការបរទេសកោះតៃវ៉ាន់បញ្ជាក់ថា កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិកបានចែករំលែកគ្នាទៅវិញទៅមកអំពីតម្លៃសកលនៃលទ្ធិប្រជាធិបតេយ្យ សេរីភាព និងសិទ្ធិមនុស្ស ហើយមានទំនាក់ទំនងសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ លោក Chiao ថ្លែងថា៖ "នៅពេលអនាគត យើងនឹងបន្តធ្វើការរួមគ្នាជាមួយសហរដ្ឋអាមេរិក និងប្រទេសដែលមានគំនិតដូចគ្នាជាមួយយើង ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់យើង និងរួមគ្នារក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់"។
កាលពីល្ងាចថ្ងៃពុធ គណបក្សកាន់អំណាចរបស់តៃវ៉ាន់បញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក ត្រាំ ទាក់ទងនឹងកោះកោះតៃវ៉ាន់ គឺគ្មានអ្វីក្រៅតែពីក្តីសង្ឃឹមថាតៃវ៉ាន់នឹងបង្ហាញការប្តេជ្ញាចិត្តដូចគ្នាក្នុងការការពារសន្តិសុខដោយខ្លួនឯង ដូចទៅនឹងប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបនោះឡើយ។ លោក Lin Yu-chang អគ្គលេខាធិការបក្សប្រជាធិបតេយ្យតៃវ៉ាន់និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា "ចិនគឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះសហរដ្ឋអាមេរិក ដែលចំណុចនេះទាំងគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋសុទ្ធរតែឯកភាពដូចគ្នា" ដែលលោកបានបន្ថែមទឪតថា បច្ចុប្បន្ននេះគឺជាយុគសម័យដ៏ល្អបំផុតនៃទំនាក់ទំនងរវាងតៃវ៉ាន់ និងអាមេរិក។
ខុសពីកូរ៉េខាងត្បូង និងជប៉ុនដែលមានទំនាក់ទំនងផ្លូវការជាមួយសហរដ្ឋអាមេរិក កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិកមិនមានកិច្ចព្រមព្រៀងក្នុងវិស័យការពារជាតិរួមគ្នាជាផ្លូវការទេ ខណៈសន្ធិសញ្ញាពីមុនមកត្រូវបានបញ្ចប់នៅឆ្នាំ១៩៧៩ ពោលគឺនៅពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានផ្លាស់ប្តូរមកទទួលស្គាល់ទំនាក់ទំនងការទូតជាមួយទីក្រុងប៉េកាំងវិញ៕