សហរដ្ឋអាមេរិក៖ ប៉ូលិសក្រុងម៉ៃអាមី (Miami Dade Police) ឱ្យដឹងថា ប្រធានសហព័ន្ធបាល់ទាត់កូឡុំប៊ី និងកូនប្រុសត្រូវបានចាប់ខ្លួននៅទីក្រុង Miami ដោយត្រូវបានចោទប្រកាន់ពីបទប្រឆាំងនឹងឆ្មាំសន្តិសុខ ក្រោយភាពចលាចលដែលបានកើតឡើងនៅមុនការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Copa America រវាងកូឡុំប៊ី ទល់នឹងអាហ្សង់ទីន។
សូមបញ្ជាក់ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Copa America កាលពីថ្ងៃអាទិត្យត្រូវបានពន្យារពេលជាងមួយម៉ោង បន្ទាប់ពីប៉ូលិសបានចាក់សោរបិទទ្វារកីឡដ្ឋានដែលធ្វើឱ្យអ្នកគាំទ្ររាប់ពាន់នាក់ជាប់គាំងនៅខាងក្រៅកីឡដ្ឋាន Hard Rock នៃរដ្ឋ Florida។ តាមវីដេអូដែលបែកធ្លាយលើបណ្ដាញសង្គមបានបង្ហាញរូបភាពនៃអ្នកគាំទ្រប៉ះទង្គិចជាមួយសន្តិសុខ និងមានអ្នកផ្លោះចូលកីឡដ្ឋានតាមវិធីផ្សេងៗ។
គួរបញ្ជាក់ថា លោក Ramon Jeserun វ័យ៧១ឆ្នាំ ជាប្រធានសហព័ន្ធបាល់ទាត់កូឡុំប៊ី និងកូនប្រុសឈ្មោះ Ramon Jamil វ័យ ៤៣ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួនភ្លាមៗក្រោយការប្រកួតបានបញ្ចប់ ដោយមានការចោទប្រកាន់លើការវាយប្រតាយប្រតប់គ្នាជាមួយសន្តិសុខនៅកីឡដ្ឋាន ហើយសកម្មភាពនេះត្រូវបានគេថតជាប់។ នេះបើតាមរបាយការណ៍របស់ប៉ូលិសក្នុងតំបន់។
មកដល់ពេលនេះ សហព័ន្ធបាល់ទាត់កូឡុំប៊ីមិនទាន់មានការអធិប្បាយណាមួយជុំវិញបញ្ហានេះទេ។ សូមបញ្ជាក់ថា មានអ្នកគាំទ្ររាប់សិបនាក់ត្រូវបានប៉ូលិសចាប់ខ្លួននៅមុនការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ហើយមានមនុស្សជាង ៥០នាក់ត្រូវបានបណ្ដេញចេញពីកីឡដ្ឋាន ខណៈមានមន្រ្តីកងកម្លាំងជាង ៨០០នាក់បង្ហាញខ្លួននៅកីឡដ្ឋាន។
ដោយឡែក ក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ តំណាងកីឡដ្ឋាន Hard Rock បញ្ជាក់ថា កីឡដ្ឋានបានត្រៀមរៀបចំសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះដោយការបង្កើនចំនួនកងកម្លាំងនិងសន្តិសុខ ជាមួយនឹងបុគ្គលិកច្រើនជាងស្ទើរតែទ្វេដង ជាងរាល់ព្រឹត្តិការណ៍នានាដែលកីឡដ្ឋានធ្លាប់បានរៀបចំកន្លងមក។ សូមបញ្ជាក់ថា កីឡដ្ឋាន Hard Rock ខាងលើមានសមត្ថភាពផ្ទុកអ្នកទស្សនាបានប្រមាណ ៦៥,០០០នាក់ និងជាកីឡដ្ឋានដែលគ្រោងទទួលរៀបចំជាទីតាំងការប្រកួត World Cup ឆ្នាំ២០២៦ ចំនួន ៧ប្រកួតផងដែរ៕