ភ្នំពេញ៖ នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាវប្បធម៌និងប្រវត្តិដែរលំបាកវាគួរណាស់តែចាំបាច់ក្នុងការថែរក្សាឲ្យមនុស្សជំនាន់ក្រោយៗទៀតបានដឹង។ ដោយសំដៅទៅលើប្រវត្តិដ៏ខ្មៅងងឹតនៃកម្ពុជាក្រោមការដឹកនាំរបស់ខ្មែរក្រហម ១៩៧៥-១៩៧៩ សម្ដេចធិបតីបានរំលឹកពីប្រវត្តិដែលកម្ពុជាធ្លាប់ជាសម័យមហានគររហូតធ្លាក់ចុះដល់ចំណុចសូន្យ។
ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាដោយបង្ហាញនូវក្ដីព្រួយបារម្ភថាប្រវត្តិសាស្ត្រនៃកាចឈឺចាប់របស់កម្ពុជាអាចនឹងត្រូវបានក្មេងៗបំភ្លេចចោល បន្ទាប់ពីមានការលើកឡើងពីយុវជនមួយចំនួនដែលពុំជឿថាមានរបបកាប់សម្លាប់នៅកម្ពុជា។
ដូច្នេះហើយសម្ដេចបានជំរុញឲ្យធ្វើការរៀបចំនូវប្រវត្តិសាស្ត្រពិតច្បាស់លាស់ នឹងត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយទាំងក្នុងថ្នាក់ជាតិនិងអន្តរជាតិ។
សម្ដេចថា៖ «ព្រោះវាភ្ជាប់គ្នាវាភ្ជាប់នូវអ្វីដែលជាប្រវត្តិសាស្ត្ររបស់យើង ពីសម័យមហានគរចុះមករហូតដល់ចំណុចសូន្យ។ ហើយត្រូវចាប់ផ្ដើមឡើងវិញរាប់រយឆ្នាំទៅមុខទៀត។ ដែលខ្ញុំនិយាយថាសម័យនេះសូម្បីតែអ្នកដែលឃើញជាក់ស្ដែងជួនកាលអ្នកខ្លះត្រូវគេទឹមជាគោផងត្រូវមានក្មេងៗមួយចំនួនមិនទាន់ជឿ ទម្រាំតែអ្នកទាំងអស់នេះគាត់ត្រូវ ៥០ ឆ្នាំទៀតគាត់អត់នៅបានប្រាប់ថាតាធ្លាប់ឆ្លងកាតបែបនេះបែបនោះតើមានអ្នកណាស្ដាប់ពីរឿងបែបនេះ?»។
សម្ដេចថា ការរៀបរៀងប្រវត្តិសាស្ត្រត្រូវជៀសវាងឲ្យបានជាពិសេសការជំរុញការប្រព្រឹត្តអំពើជ្រុលនិយមការសម្លាប់មនុស្ស។
សម្ដេចថា៖ «ប្រវត្តិសាស្ត្រមិនមែនលើកមកតែចំណុចអាក្រក់និងភាពវិជ្ជមាននោះទេ តែជាការរំលឹកនូវអ្វីដែលមិនត្រូវធ្វើឲ្យកើតមានឡើង»៕