ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឲ្យមានការរៀបចំឯកសារដែលមានប្រវត្តិច្បាស់លាស់ត្រឹមត្រូវដែលមានតម្លៃជាប្រវត្តិសាស្ត្រ។
ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការរៀបរៀងប្រវត្តិសាស្ត្រត្រូវជៀសវាងឲ្យបានជាពិសេសការជំរុញការប្រព្រឹត្តអំពើជ្រុលនិយមការសម្លាប់មនុស្ស។
សម្ដេចថា៖ «ប្រវត្តិសាស្ត្រមិនមែនលើកមកតែចំណុចអាក្រក់និងភាពវិជ្ជមាននោះទេ តែជាការរំលឹកនូវអ្វីដែលមិនត្រូវធ្វើឲ្យកើតមានឡើង»។
ជាមួយគ្នានិងការថ្លែងអនុសាសន៍ក្នុងពិធីសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់ សាលាក្ដីខ្មែរក្រហម សម្ដេចបានជំរុញការចងក្រងឯកសារស្ដីពីខ្មែរក្រហមមិនត្រូវតែចងក្រងនៅមណ្ឌលឯកសារនោះទេ គឺត្រូវចែករម្លែកទៅដល់អន្តរជាតិផងដែរតាមរយៈការបើកឲ្យស្រាវជ្រាវនិងចែករំលែក៕