រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ីផ្លាស់ទៅបំពេញការងារនៅទីតាំងអនាគតរដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ីមុនគេបង្អស់
ឥណ្ឌូណេស៊ី៖ លោក Budi Karya Sumadi រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ីបានក្លាយជាសមាជិកដំបូងបង្អស់នៃគណៈរដ្ឋមន្ត្រីរបស់លោកប្រធានាធិបតី Joko Widodo ដែលបានចាប់ផ្តើមចូលបំពេញការងារនៅឯរដ្ឋធានី នូសាន់តារ៉ា (Nusantara) ដែលជាអនាគតរដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូណេស៊ី។
លោក Budi Karya បានចាប់ផ្តើមចូលបំពេញការងារពីទីស្នាក់ការរដ្ឋមន្ត្រីថ្មីរបស់លោកនៅក្នុងទីក្រុងដែលគេហៅកាត់ថា IKN ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដាមកម្ល៉េះ។ លោក Budi Karya បានដឹកនាំកិច្ចប្រជុំជាច្រើនជាមួយមន្ត្រីពាក់ព័ន្ធក្នុងទីក្រុងថ្មីនេះ រួមមានអនុប្រធានផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារ និងប្រធានផ្នែកអភិវឌ្ឍន៍ផ្លូវនៅក្រសួងសាធារណការ និងលំនៅដ្ឋានជាដើម។ លោកបញ្ជាក់ថា "យើងបានពិភាក្សាអំពីបញ្ហាជាច្រើនទាក់ទងនឹងការត្រៀមហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅក្នុងរដ្ឋធានី Nusantara ដូចជាវឌ្ឍនភាពនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកស្វយ័ត និងយុទ្ធសាស្រ្តគ្រប់គ្រងចរាចរណ៍សម្រាប់ការប្រារព្ធពិធីបុណ្យឯករាជ្យនាពេលខាងមុខជាដើម។
គួរបញ្ជាក់ថា ការផ្លាស់ទីតាំងបំពេញការងាររបស់រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ីនេះ ធ្វើឡើងស្របពេលដែលប្រទេសសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះ រៀបចំផ្លាស់រដ្ឋធានីរបស់ខ្លួនពីរដ្ឋធានី ចាកាតា (Jakarta) នៅលើកោះជ្វា (Java) ទៅកាន់ទីក្រុង Nusantara នៅខេត្តកាលីម៉ាន់តាន់ខាងកើត (East Kalimantan) ជំនួសវិញ ដែលផែនការនេះហាក់កំពុងរងនូវការរាំងស្ទះមួយចំនួន។
កាលពីសប្តាហ៍មុន លោកប្រធានាធិបតី Joko Widodo បានប្រកាសពន្យារពេលការផ្លាស់ប្តូររដ្ឋធានីទៅកាន់ទីក្រុង Nusantara ដោយសារបញ្ហាទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនី។ កន្លងមក លោកធ្លាប់បានបង្ហាញទំនុកចិត្តអំពីការផ្លាស់ទីតាំងការិយាល័យប្រធានាធិបតីរបស់លោកទៅកាន់ទីតាំងថ្មីឱ្យបានត្រឹមដើមខែកក្កដានេះ។
សូមបញ្ជាក់ថា គម្រោងនៃការផ្លាស់រដ្ឋធានីនេះស្ថិតក្នុងទំហំប្រមាណ ៣២ពាន់លានដុល្លារអាមេរិក ប៉ុន្តែគម្រោងហាក់នៅជាប់គាំង និងបន្តពន្យារពេល ដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅតែមិនទាន់បានបញ្ចប់ ស្របពេលដែលទីក្រុងនេះត្រូវបានរដ្ឋាភិបាលគ្រោងនឹងជ្រើសជាទីតាំងសម្រាប់ប្រារព្ធទិវាឯករាជ្យរបស់ឥណ្ឌូណេស៊ីនាថ្ងៃទី១៧ ខែសីហាខាងមុខនេះ។
យ៉ាងណាក្ដី លោក Joko Widodo នៅមិនទាន់ចុះហត្ថលេខាលើក្រឹត្យរបស់ប្រធានាធិបតី ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទីក្រុង Nusantara ជារដ្ឋធានីថ្មីនោះទេ ដោយលោកធ្លាប់និយាយថាក្រឹត្យនេះអាចត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីថ្មីគឺលោក Prabowo Subianto ដែលនឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី ២០ ខែតុលាខាងមុខ៕