ឥណ្ឌា៖ នៅថ្ងៃទី១៥ ខែកក្កដានេះ ក្រុមមេធាវីរាប់ពាន់នាក់បានចេញមកប្រមូលផ្តុំគ្នាតវ៉ា និងធ្វើកូដកម្មប្រឆាំងនឹងការធ្វើវិសោធនកម្មកែប្រែច្បាប់ព្រហ្មទណ្ឌ ដោយក្នុងនោះមេធាវីដែលតវ៉ាបាននាំគ្នាប្រកាសផ្អាកការបំពេញការងារ និងពហិការមិនចូលរួមសវនាការរបស់តុលាការ ខណៈចំនួនអ្នកតវ៉ានឹងការធ្វើវិសោធនកម្មនេះបន្តមានការកើនឡើង។
មេធាវីជាច្រើនបានបង្ហាញនូវការខឹងសម្បារ និងមិនពេញចិត្តទៅលើច្បាប់ថ្មីដែលបានប្រកាសកាលពីថ្ងៃទី១ ខែកក្កដានេះ ដែលបានផ្តល់អំណាចកាន់តែខ្លាំងឡើងដល់ប៉ូលិសដើម្បីរក្សាជនល្មើសនៅក្នុងការឃុំខ្លួនបណ្តោះអាសន្ន និងតម្រូវឱ្យចៅក្រមចេញសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ៤៥ថ្ងៃបន្ទាប់ពីការបញ្ចប់ការកាត់ក្តី។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Narendra Modi បានចេញមកការពារលើការវិសោធនកម្មច្បាប់នេះ ដែលក្នុងនោះច្បាប់ថ្មីនេះក៏បានរួមបញ្ចូលនូវការដាក់ទោសប្រហារជីវិតទៅលើជនដែលរំលោភបូកលើស្ត្រីអាយុក្រោម ១៨ឆ្នាំ ដោយបញ្ជាក់ថាច្បាប់នេះគឺផ្តោតលើការការពារជនរងគ្រោះ និងធ្វើទំនើបកម្មប្រព័ន្ធច្បាប់ ព្រមទាំងបញ្ចប់នូវការរង់ចាំគ្មានដែនកំណត់នូវការស្វែងរកយុត្តិធម៌។
យ៉ាងណាមិញ ស្ថាប័នគណៈមេធាវី គណបក្សប្រឆាំង និងសកម្មជនបានអំពាវនាវឱ្យផ្អាកការអនុវត្តច្បាប់ថ្មីនេះសិន ដោយអះអាងថាការកែប្រែច្បាប់នេះបាននឹងផ្តល់អំណាចលើសលប់ដល់ប៉ូលីស និងដាក់សម្ពាធទៅលើប្រព័ន្ធយុត្តិធម៌ដែលកំពុងមានសម្ពាធយ៉ាងធ្ងន់ធ្ងររួចទៅហើយ ខណៈដែលក្រុមមេធាវីបានព្យាយាមបកស្រាយ និងជំទាស់ទៅនឹងបទប្បញ្ញត្តិនៃច្បាប់ព្រហ្មទណ្ឌថ្មីនេះ។
បើតាមលោក NC Sharma អ្នកនាំពាក្យនៃគណៈមេធាវីរដ្ឋធានីញូវដេលីបញ្ជាក់ថា មេធាវីនៅតាមបណ្ដាតុលាការស្រុកចំនួន ៧ ជុំវិញរដ្ឋធានីញូវដេលីបានចូលរួមក្នុងកូដកម្មនាថ្ងៃចន្ទនេះ។ លោកបញ្ជាក់ថា មេធាវីភាគច្រើនបានចូលរួមក្នុងការកូដកម្មតវ៉ា ត្បិតច្បាប់ថ្មីនេះនឹងបង្កឡើងជាមន្ទិល និងភាពច្របូកច្របល់។ ដោយឡែក បើតាមសារព័ត៌មាន Reuter បានរាយការណ៍ថា តុលាការមួយចំនួនក្នុងរដ្ឋធានីញូវដេលីហាក់មានភាពស្ងប់ស្ងាត់ជាងធម្មតានៅព្រឹកថ្ងៃចន្ទនេះ ដោយមន្រ្តីតុលាការមួយចំនួនបានបង្ហើបថា មេធាវីភាគច្រើនបានបដិសេធមិនចូលរួមសវនាការ និងព្យាយាមដាក់ពាក្យសុំពន្យារពេលសវនាការ៕