សហរដ្ឋអាមេរិក៖ រដ្ឋកូឡូរ៉ាដូ (Colorado) សហរដ្ឋអាមេរិក បានរាយការណ៍អំពីករណីនៃការឆ្លងជំងឺជំងឺផ្តាសាយបក្សី H5N1 លើមនុស្សចំនួន ៤នាក់ដែលធ្វើការងារទាក់ទងនិងសត្វមាន់ ខណៈផ្នែកពាក់ព័ន្ធកំពុងតាមដានករណីសង្ស័យទៅលើអ្នកជំងឺទី៥។ នេះបើតាមការបញ្ជាក់ពីមន្រ្តីសុខាភិបាលរដ្ឋកូឡូរ៉ាដូឱ្យដឹងនៅថ្ងៃចន្ទនេះ។
មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC) បានឱ្យដឹងថា ករណីនៃការឆ្លងជំងឺផ្តាសាយបក្សី (H5N1) ទៅកាន់មនុស្សអាចបង្កឱ្យមានជំងឺធ្ងន់ធ្ងរ និងបង្កជាជំងឺរាតត្បាតផងដែរ ប្រសិនបើស្ថានភាពនៃវីរុសត្រូវបានវិវត្តន៍ឱ្យវាកាន់តែមានភាពងាយស្រួលក្នុងការចម្លងរវាងមនុស្សទៅកាន់មនុស្ស។
CDC បានបញ្ជាក់ពីករណីនៃការឆ្លងជំងឺផ្តាសាយបក្សីទៅលើមនុស្សចំនួន ៤ករណី ខណៈករណីទី៥ នៅមិនទាន់មានការបញ្ជាក់ដោយភ្នាក់ងារសុខភាពសាធារណៈរបស់សហរដ្ឋអាមេរិកនៅឡើយទេ ដោយការស្រាវជ្រាវលើករណីនេះនៅតែកំពុងស្ថិតក្នុងការតាមដាន។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ CDC បញ្ជាក់ថា សំណាករបស់អ្នកជំងឺទី៥ ដែលកំពុងស្ថិតក្នុងការសង្ស័យត្រូវបានគេសន្មត់ថាវិជ្ជមានវីរុសផ្តាសាយបក្សី ហើយនឹងត្រូវបញ្ជូនមកកាន់ CDC ដើម្បីពិនិត្យ និងបញ្ជាក់បន្ថែម។
គួរបញ្ជាក់ថា កម្មករដែលធ្វើក្នុងរោងចក្រសាច់បក្សីដែលបានឆ្លងវីរុសផ្តាសាយបក្សីមានអាការៈគួរឱ្យកត់សម្គាល់មួយចំនួនដូចជា រលាកភ្នែក, ភ្នែកក្រហម រួមជាមួយបញ្ហាជម្ងឺផ្លូវដង្ហើម ខណៈអ្នកឆ្លងវីរុសទាំងអស់ពុំទាន់មានការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យក៏ដោយ៕