នាយករដ្ឋមន្ត្រីកម្ពុជាបង្កើតក្រុមការងារអន្តរក្រសួងចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃលើការស្នើសុំបង្កើតភូមិថ្មី
(ភ្នំពេញ)៖ ក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃលើការស្នើសុំបង្កើតភូមិថ្មី ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាចុះហត្ថលេខាបង្កើតកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ។
លោក លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានចាត់តាំងឱ្យធ្វើជាប្រធាន និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអនុប្រធាន រួមទាំងសមាជិកចំនួន៧នាក់ទៀតផងដែរ។
ក្រុមការងារនេះ មានតួនាទី និងភារកិច្ច ចុះសិក្សានិងស្រាវជ្រាវលើសំណើ សុំបង្កើតភូមិថ្មីរបស់រដ្ឋបាលរាជធានី-ខេត្ត, រៀបចំរបាយការណ៍ស្តីពីលទ្ធផលសម្រេចបាន និងវឌ្ឍនភាពការងារជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីពិនិត្យសម្រេច និងផ្តល់យោបល់ដឹកនាំ, ពិនិត្យ វាយតម្លៃ និងលើកយោបល់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីពិនិត្យសម្រេច, បំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់៕