ក្រុងព្រះសីហនុ៖ កាលពីពេលថ្មីៗនេះ ជនជាតិចិនម្នាក់បានរាយការណ៍ និង ប្រាប់អ្នកយកព័ត៌មានថា ខ្លួនបានទិញរថយន្តសរុបចំនួន៥គ្រឿង ពីលោកស្រី ម៉ុង សុធារី ប៉ុន្តែឡានដែលមានបញ្ហាមានចំនួន៣គ្រឿង ក្នុងមួយគ្រឿង មានតម្លៃ១២៨០០០ដុល្លា ហើយខ្លួនបានបង់រំលោះដាច់ជាងមួយឆ្នាំមកហើយ ។
ជាក់ស្តែងនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ លោក អុឹម សុភ័ក្រ្ត អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំគណៈកម្មការចុះអនុវត្តដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នលេខ ៣៤៧ “ឃ១” ដ.រ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ របស់សាលាដំបូង រាជធានីភ្នំពេញ។
សំណុំរឿងអនុវត្តរក្សាការពារលេខ៖ ០៥០ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ របស់សាលាដំបូងខេត្តព្រះសីហនុ រវាងម្ចាស់បំណុលនៃការអនុវត្ត ក្រុមហ៊ុន ឆាយលីស រ៉ូយ៉ាល់ ហ្វាយនែន ម.ក (Chailease Royal Fnance Plc) តំណាងដោយលោក Cheng Yi-Cheng និងសហកូនបំណុលនៃការអនុវត្តឈ្មោះ ម៉ុង សុធាវី និង ហោ សុធារ៉ា ។
ដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នលេខៈ ៣៤៧ “ឃ១” ដ.រ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ របស់ សាលាដំបូងរាជធានីភ្នំពេញ ដែលមានខ្លឹមសារសេចក្តីសម្រេចបញ្ចប់ដូចខាងក្រោម៖
១-រឹបអូសជាបណ្តោះអាសន្ននូវ៖
ក.រថយន្តម៉ាក TOYOTA ALPHARD ផលិតឆ្នាំ២០២០ ពណ៍ខ្មៅ លេខតួ JINGZ3DH608059122 លេខម៉ាស៊ីន 2GRK788874 ផ្លាកលេខ ភ្នំពេញ 2AP-5377។
ខ.រថយន្តម៉ាក TOYOTA ALPHARD ផលិតឆ្នាំ២០២០ ពណ៌ខ្មៅ លេខតួ JINGZ3DHX08059236
លេខម៉ាស៊ីន 2GRK790946 ផ្លាកលេខ ភ្នំពេញ 2AM-6277។
គ.រថយន្តម៉ាក TOYOTA ALPHARD ផលិតឆ្នាំ២០២០ ពណ៌ខ្មៅ លេខតួ JINGZ3DH908059051
លេខម៉ាស៊ីន 2GRK787430 ផ្លាកលេខ ភ្នំពេញ 2AR-3377។
២-អនុញ្ញាតឱ្យក្រុមហ៊ុន ឆាយលីស រ៉ូយ៉ាល់ ហ្វាយនa.ម.ក (Chailease Royal France Plc) គ្រប់គ្រងនិងថែរក្សានូវរថយន្តខាងលើ ទុកនៅអាសយដ្ឋានផ្ទះលេខ ១៤៦ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាបណ្តោះអាសន្ន។
លោក អុឹម សុភ័ក្រ្ត អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុបានឲ្យដឹងបន្ថែមថា នៅពេលចុះទៅដល់ទីតាំងអនុវត្ត មានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុយើង ឃើញវត្តមានលោក ឆេង សុផាត ជាអ្នកតំណាងឱ្យម្ចាស់បំណុលនៃការអនុវត្តឈ្មោះ ក្រុមហ៊ុន ឆាយលីសរ៉ូយ៉ាល់ ហ្វាយនែន ម.ក (Chailiease Royal Fnance Plc) និងមិនបានឃើញវត្តមានរបស់សហកូនបំណុលនៃការអនុវត្តទេ ប៉ុន្តែបានជួបនឹងតតិយជនដែលកំពុងកាន់កាប់រថយន្តទាំង ៣ (បី) គ្រឿងខាងលើនេះ។
បន្ទាប់មកយើងបានជូនដំណឹងស្តីពីការអនុវត្ត និងបានអានដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នលេខ ៣៤៧ “ឃ១” ដ.រ ចុះថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញឱ្យអ្នកចូលរួមបានស្ដាប់ ហើយបានពន្យល់ណែនាំអំពីនីតិវិធីនការអនុវត្ត។
ចំពោះតតិយជនដែលកំពុងកាន់កាប់រថយន្តទាំង ៣ (បី) គ្រឿងនេះ បានយល់ព្រមប្រគល់សោ និងរថយន្តទាំង ៣ (បី) គ្រឿង ដោយស្ម័គ្រចិត្ត ហើយតតិយជនបានបញ្ជាក់បន្ថែមថា រថយន្តទាំង ៣ (បី) គ្រឿង នោះខ្លួនបានទិញពីកូនបំណុលនៃការអនុវត្តឈ្មោះ ម៉ុង សុធារី ដោយបានបង់ប្រាក់ថ្លៃលក់ទិញរថយន្តគ្រប់ចំនួនហើយ។
ក្រោយពេលអាជ្ញាសាលា បានពិនិត្យប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) ទាំង ៣ (បី) នោះ ឃើញថាជាឯកសារក្លែងក្លាយ។ បន្ទាប់មកយើងបានបង្គាប់ឱ្យតតិយជនយកសម្ភារៈជាចលនវត្ថុចេញពីខាងក្នុងរថយន្តទាំង ០៣ (បី)
គ្រឿងខាងលើ។
ចំពោះរថយន្តទាំង ៣ (បី) គ្រឿង ខាងលើនេះ ត្រូវយកទៅរក្សាទុកនៅឃ្លាំងរបស់សាលាដំបូងខេត្តព្រះសីហនុ (រក្សាទុករយៈពេលតែ៧ថ្ងៃប៉ុណ្ណោះ) ជាបណ្តោះអាសន្នសិន ក្រោមការគ្រប់គ្រងរបស់អាជ្ញាសាលា ។
ជាមួយគ្នានេះជនជាតិចិនជាអ្នកវិនិយោគរកសុីនៅស្រុកខ្មែរបាន អំពាវនាវដល់ផ្នែកច្បាប់ឲ្យជួយដល់គាត់ជាជនរងគ្រោះ ដែលបានទិញរថយន្ត បង់ប្រាក់គ្រប់ត្រឹមត្រូវ ប៉ុន្តែមិននឹកស្មានថា លោកស្រី ម៉ុង សុធារី ក្លែងឯកសារបន្លំបោកប្រាស់បែបនោះទេ ។អាស្រ័យហេតុដូចច្នេះហើយ ខ្លួនមានឲ្យពឹងផ្នែកច្បាប់ឲ្យជួយស្វែងរកយុត្តិធម៌ចំពោះខ្លួន ៕