រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែកក្កដាម្សិលមិញនេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងការអនុវត្តយុទ្ធនាការរយៈពេល ៦ខែ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទូទាំងប្រទេស។ ក្នុងកិច្ចប្រជុំនេះ គណៈបញ្ជាការដឹកនាំយុទ្ធនាការបានពិនិត្យ និងវាយតម្លៃឃើញថា ពាក្យថា “បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន” លែងមានទៀតហើយ។
សូមបញ្ជាក់ថា នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ស្ដីពីលទ្ធផលរយៈពេល ៦ខែ នៃយុទ្ធនាការជំរុញនិងពន្លឿនរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការបញ្ជាក់ថា សំណុំរឿងពាក់ព័ន្ធនឹងរឿងចរាចរណ៍សរុបទូទាំងប្រទេសមានចំនួន ៣,៤៦០ ដែលរួមមានទាំងសំណុំរឿងចាស់ មុនពេលប្រកាសបើកយុទ្ធនាការ និងសំណុំរឿងថ្មីក្រោយពេលប្រកាសបើកយុទ្ធនាការ ត្រូវបានតុលាការដោះស្រាយចប់សព្វគ្រប់ចំនួន ២,៤៣៨ ស្មើនឹង ៧០% នៃសំណុំរឿងសរុប។ ចំពោះ សំណុំរឿងចរាចរណ៍ ដែលមានមុនពេលប្រកាសបើកយុទ្ធនាការចំនួន ១,០៤១ តុលាការបានដោះស្រាយចំនួន ៨៩៣ ស្មើនឹង ៨៦% ហើយនៅសល់តែ ១៤៨ តែប៉ុណ្ណោះ ដែលកិច្ចប្រជុំនៃគណៈបញ្ជាការដឹកនាំយុទ្ធនាការបានឯកភាពគ្នា ដាក់ចេញនូវទិសដៅក្នុងការខិតខំដោះស្រាយឱ្យ បានចប់សព្វគ្រប់នូវសំណុំរឿងចរាចរណ៍ចាស់នៅសល់ ១៤៨ ករណីនេះ នៅត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។
គណៈបញ្ជាការដឹកនាំយុទ្ធនាការ ក៏បានពិនិត្យឃើញផងដែរថា ការដោះស្រាយសំណងជូនដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ត្រូវបានគិតគូរយ៉ាងយកចិត្ត ទុកដាក់ និងឆាប់រហ័ស។ ទន្ទឹមនេះ ចំណាត់ការផ្លូវច្បាប់ ទៅលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវបាន ធ្វើឡើងដោយត្រឹមត្រូវ និងម៉ឺងម៉ាត់ ស្របតាមនីតិវិធីច្បាប់ជាធរមាន។ នៅក្នុងសំណុំរឿង ចរាចរណ៍នេះ ក៏ដូចជានៅក្នុងសំណុំរឿងផ្សេងទៀតដែរ “ខុស ឬ ត្រូវ គឺអាស្រ័យទៅលើ អង្គហេតុ អង្គច្បាប់ និងភស្តុតាង" ហើយគណៈបញ្ជាការដឹកនាំយុទ្ធនាការក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ សូមយកចិត្តទុកដាក់ក្នុងការចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះ, អ្នកបើកបរដែលមានកំហុសទៅនឹងច្បាប់ចរាចរណ៍ និងបានបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យអ្នកដទៃស្លាប់ គឺត្រូវតែទទួលខុសត្រូវតាមច្បាប់ដោយម៉ឺងម៉ាត់ និងដោយត្រឹមត្រូវតាមច្បាប់ ហើយពាក្យថា “បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន” គឺលែងមានទៀតហើយ នៅក្នុងក្របខណ្ឌនៃការកែទម្រង់នេះ។
គណៈបញ្ជាការដឹកនាំយុទ្ធនាការ បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាពយឺតយ៉ាវ ឬមានភាពមិនប្រក្រតី សូមដាក់ពាក្យបណ្តឹងមកយន្តការផ្លូវការនៃយុទ្ធនាការទាំង ២ របស់ក្រសួងយុត្តិធម៌ តាមរយៈលេខទូរស័ព្ទ ០៩៩ ៤៤៤ ១៨១៕