បាងកក៖ រដ្ឋសភាកម្ពុជានិងថៃ ព្រមទំាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរ នៅថ្ងៃទី១១ ខែកក្កដា ក្នុងពេលសម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ធ្វើទស្សនកិច្ចនៅប្រទេសថៃបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម។
អនុស្សារណនៃការយោគយល់រវាងរដ្ឋសភាកម្ពុជា-ថៃ ចុះហត្ថលេខាដោយប្រធានរដ្ឋសភាកម្ពុជា សម្ដេច ឃួន សុដារី និងប្រធានរដ្ឋសភាថៃលោក វ៉ាន់មូហាម៉ាត់ ណ័រ មៈថា មានគោលបំណង លើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ គ្នាកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើង តាមរយៈសកម្មភាពការទូតសភា។ នៅក្នុងនោះរដ្ឋសភា ទំាងពីរ នឹងគាំទ្រគ្នា ចូលរួម និងផ្លាស់ប្តូរព័ត៌មាន ការអនុវត្តល្អៗ ក៏ដូចជា ប្រភពធនធានពាក់ព័ន្ធក្នុងវិស័យដែលនាំមកនូវផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដែលនឹងរួមចំណែកដល់ការសម្រេចបាននូវសន្តិភាព វិបុលភាព និងការជឿនលឿនទៅមុខ នៃអង្គការសភារបស់ភាគីទាំងពីរ និងការគាំទ្រគ្នាទៅវិញទៅមកទាំងនៅវេទិកា-តំបន់ និងអន្តរជាតិ។
តាមការបញ្ជាក់ពីរដ្ឋសភា៖ «អនុស្សរណៈនៃការយោគយល់គ្នានេះ បានកំណត់នូវកម្មវិធីកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរគណៈប្រតិភូ ៤កម្រិតរួមមាន៖ កម្រិតថ្នាក់ដឹកនាំរដ្ឋសភា កម្រិតគណៈកម្មាធិការ/គណៈកម្មការជំនាញ នៃរដ្ឋសភា កម្រិតក្រុម មិត្តភាពសភា និងកម្រិតមន្ត្រីជាន់ខ្ពស់ និងកម្រិតលេខាធិការដ្ឋាន/អគ្គលេខាធិការដ្ឋាន នៃរដ្ឋសភាទាំងពីរ និង រៀបចំគម្រោងពិសេសនានា ដូចជា ការរៀបចំសិក្ខាសាលា ព្រឹត្តិការណ៍វប្បធម៌ និងកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត ដើម្បី អនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការ ហើយការរៀបចំកម្មវិធីកិច្ចសហប្រតិបត្តិការ ឬសកម្មភាពនានានឹងត្រូវផ្តួចផ្តើម ធ្វើឡើងដោយផ្អែកតាមការឯកភាពគ្នាទៅវិញទៅមករបស់ ភាគីទាំងពីរ»។
អនុស្សារណៈមួយទៀតជាការចុះហត្ថលេខាដោយអគ្គលេខាធិការរដ្ឋសភានៃប្រទេសទាំងពីរ លើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាថៃ ដោយអនុស្សារណៈនេះគោលបំណងអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ដែលមានស្រាប់រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងពីរ ក៏ដូចជាជួយគាំទ្រអនុស្សារណៈ នៃការយោគយល់គ្នា នៃរដ្ឋសភាទាំងពីរ។ ក្នុងគោលការណ៍ទូទៅ និងការអនុវត្តនៃអនុស្សរណៈនៃការយោគយល់គ្នានេះ បានចែងអំពីការជំរុញ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងមន្ត្រីសភា ទាំងក្នុងកម្រិតរដ្ឋសភា និងកម្រិតលេខាធិការដ្ឋាន ក្នុងគោលបំណងចែករំលែកលើបញ្ហាមួយចំនួនដូចជា ការចូលរួមជាសាធារណៈក្នុងការងារសភា ការអនុវត្តល្អៗ និងវិស័យជាច្រើនទៀត ដែលជាផលប្រយោជន៍រួម។
ការសម្រេចបានការចុះហត្ថលេខាលើអនុស្សារណៈទាំងពីរនេះគឺជាលទ្ធផលសំខាន់មួយ នៃដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅប្រទេសថៃចាប់ពីថ្ងៃទី១១ ដល់១២ ខែកក្កដា ឆ្នាំ២០២៤ ដឹកនាំដោយសម្ដេចរដ្ឋសភាធិបតី ឃួន សុដារី៕