បាំងកក៖ ប្រធានរដ្ឋសភាកម្ពុជាសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានធ្វើដំណើរទស្សនកិច្ចនៅប្រទេសថៃកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ដោយបានទទួលការស្វាគមន៍យ៉ាងថ្នាក់ដឹកនាំប្រទេសថៃ ខណៈដំណើរទស្សនកិច្ចលើកនេះបានបង្ហាញពីមិត្តភាពជាប្រពៃណី និងសហប្រតិបត្តិការដែលមានស្រាប់នាពេលបច្ចុប្បន្នឱ្យកាន់តែល្អប្រសើរ និងស្ថិតស្ថេរយូរអង្វែងតទៅមុខ។
ក្នុងជំនួបជាមួយប្រធានសភាថៃលោក វ៉ាន់មូហាម៉ាត់ណ មៈថា នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងពីសារៈសំខាន់នៃកិច្ចការងារការទូតសភាដែលមានសារៈសំខាន់នៅក្នុងការលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជន ដែលនាំមកនូវផលប្រយោជន៍រួម និងលើកកម្ពស់គោលការណ៍ពហុភាគីនិយម ដែលនឹងធានាបាននូវសុខសន្តិភាព ស្ថិរភាព និងវិបុលភាពសង្គម មិនមែនសម្រាប់តែប្រទេសកម្ពុជានិងថៃប៉ុណ្ណោះទេ តែថែមទាំងសម្រាប់ក្របខណ្ឌតំបន់និងអន្តរជាតិផងដែរ។
សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា៖ «ប្រទេសកម្ពុជា-ថៃ ប្រកាន់នូវរបបរាជានិយម មានប្រពៃណីទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នា ហើយប្រជាជនទាំងពីរតែងមានទំនាក់ទំនងល្អនឹងគ្នាយ៉ាងជិតស្និទ្ធ។ ឈរលើស្មារតីនេះ ប្រទេសទាំងពីរ បានបន្តពូនជ្រំចំណងទំនាក់ទំនង មិត្តភាពជាប្រពៃណី និងសហប្រតិបត្តិការដែលមានស្រាប់នាពេលបច្ចុប្បន្នឱ្យកាន់តែល្អប្រសើរ និងស្ថិតស្ថេរយូរអង្វែងតទៅមុខ តាមរយៈការលើកកម្ពស់ បង្កើនកិច្ចសហប្រតិបត្តិការ និងការទូតសភាដើម្បីឈានទៅសម្រេចបាននូវវិបុលភាព និងសុខុមាលភាពរួម ជូនប្រទេស និងប្រជាជនទាំងសងខាង»។
ក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជវង្សានិវង្ស នៃព្រះហាក្សត្រថៃ និងរដ្ឋាភិបាលថៃដែលបានផ្តល់ការគាំទ្រ និងបានរួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។
ប្រធានសភាថៃលោក វ៉ាន់មូហាម៉ាត់ណ មៈថា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ សម្តេចប្រធានរដ្ឋសភា ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ និងជាប្រវត្តិសាស្ត្រ ដល់ការបន្តពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមានរយៈពេលជាង ៧០ មកនេះឱ្យកាន់តែស្អិតល្មួត ស៊ីជម្រៅ និងទូលំទូលាយថែមទៀត។
ក្នុងនោះលោកក៏បានរំលឹកអំពីលទ្ធផលដ៏ជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកនៅកម្ពុជា កាលពីខែមីនាកន្លងទៅផងដែរ។
ក្នុងជំនួបដ៏មានអត្ថន័យនេះប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានឯកភាព និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ នៃសភាទាំងពីរ។ ជាក់ស្តែង ការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាមួយគ្នាបន្តបន្ទាប់មកនេះ ជាភ័ស្តុតាងបង្ហាញពីការលូតលាស់ រីកចម្រើននៃភាពជាដៃគូប្រទេសទាំងពីរ ក៏ដូចជាការរួមចំណែកបន្ថែមទៀតដល់ “ភាពជាដៃគូយុទ្ធសាស្ត្រ” នៃប្រទេសទាំងពីរ ដែលបានបង្កើតឡើងនាពេលថ្មីៗនេះឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងសម្រេចបានលទ្ធផលជាផ្លែផ្កាជាក់ស្តែងថ្មីៗថែមទៀត៕