រ្វ៉ាន់ដា៖ ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame ត្រូវគេមើលឃើញថានឹងបន្តកាន់តំណែងសម្រាប់អាណត្តិទីបួនបន្តទៀត ស្របពេលដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនឹងឈានចូលមកដល់នាថ្ងៃចន្ទសប្តាហ៍ក្រោយ ខណៈគេសម្លឹងឃើញថាបេក្ខជនប្រធានាធិបតីដែលជាបេក្ខជនមាននិន្នាការប្រឆាំងនឹងលោក Kagame ហាក់មានក្ដីសង្ឃឹមតិចតួចប៉ុណ្ណោះ។
លោក Paul Kagame បច្ចុប្បន្នមានវ័យ ៦៦ឆ្នាំមានស្នាដៃក្នុងប្រវត្តិសាស្រ្តនៃការដឹកនាំចលនាឧទ្ទាមដែលបានបញ្ចប់របបប្រល័យពូជសាសន៍ក្នុងប្រទេសរ្វ៉ាន់ដាកាលពីឆ្នាំ១៩៩៤ ខណៈលោកកាន់តំណែងជាប្រធានាធិបតីនៃប្រទេសក្នុងទ្វីបអាហ្វ្រិកនេះចាប់តាំងពីឆ្នាំ២០០០ រហូតមក។ តាមពិតទៅ តាមការគ្រោងទុកបេក្ខជនដែលអាចប្រជែងជាមួយលោកក្នុងការបោះឆ្នោតនេះមិនមែនមានតែពីរនាក់នោះទេ ប៉ុន្តែបេក្ខជនប្រធានាធិបតីដែលមានសក្ដានុពលចំនួន ៦នាក់ផ្សេងទៀត មិនបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការឈរឈ្មោះហើយមិនត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះដោយគណៈកម្មការបោះឆ្នោតជាតិ។
គួរបញ្ជាក់ថា លោកប្រធានាធិបតី Kagame ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០១៧ ជាមួយសំឡេងគាំទ្រដល់ទៅជាង ៩៩ភាគរយ ហើយលោកក៏បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឱ្យលោកអាចបន្តឈរឈ្មោះសាជាថ្មីនៅឆ្នាំ២០២៤នេះ។ គេចាប់អារម្មណ៍ថា ប្រសិនបើលោក Kagame បន្តជាប់ឆ្នោតជាប្រធានាធិបតី នោះនឹងអាចជាសញ្ញាណនៃស្ថិរភាពក្នុងប្រទេស ប៉ុន្តែបញ្ហាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងភាពតានតឹងជាមួយសាធារណរដ្ឋកុងហ្គោ នៅតែជាក្ដីបារម្ភមួយនៅឡើយ។
គួរឱ្យដឹងថា លោកប្រធានាធិបតី Kagame បានទទួលការកោតសរសើរជាខ្លាំងពីប្រជាពលរដ្ឋក្នុងអំឡុងពេលកាន់តំណែងរបស់លោក ដោយលោកបានចាប់ផ្តើមការកសាងប្រទេសឡើងវិញ និងមានភាពលេចធ្លោ ខណៈប្រទេសដែលមានប្រជាជនជាង ១៤លាននាក់នេះ ធ្លាប់ញាំញីដោយរបបប្រល័យពូជសាសន៍ដែលបានផ្តាច់ជីវិតមនុស្សជាង ១លាននាក់។ ក៏ប៉ុន្តែរដ្ឋាភិបាលរបស់លោកត្រូវបានប្រទេសលោកខាងលិច និងសកម្មជនសិទ្ធិមនុស្សចោទប្រកាន់ពីការបំភ័ន្តប្រព័ន្ធផ្សព្វផ្សាយ, ការធ្វើឃាតបេក្ខជននយោបាយ និងគាំទ្រក្រុមឧទ្ទាមនៅក្នុងប្រទេសកុងហ្គោដែលនៅជិតខាងជាដើម។
រដ្ឋាភិបាលរ្វ៉ាន់ដាបានបដិសេធនូវរាល់ការចោទប្រកាន់ប្រឆាំងទាំងឡាយ ហើយខណៈពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត លោក Kagame បានសន្យាបន្តការអភិវឌ្ឍ និងរក្សាស្ថិរភាពក្នុងប្រទេស៕