
នាយករដ្ឋមន្ត្រីអេស្ប៉ាញអំពាវនាវប្រទេសលោកខាងលិចកុំឱ្យមានការអនុវត្តស្ដង់ដារពីរចំពោះបញ្ហានៅតំបន់ហ្គាហ្សា
សហរដ្ឋអាមេរិក៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានជំរុញប្រទេសលោកខាងលិច ឱ្យបញ្ឈប់នូវការ "អនុវត្តស្ដង់ដារពីរ" ទាក់ទងនឹងបញ្ហាជម្លោះនៅតំបន់ហ្គាហ្សា ខណៈដែលលោកបានចូលរួមជាមួយមេដឹកនាំប្រទេសជាសមាជិកអង្គការណាតូផ្សេងៗ ក្នុងការគាំទ្រទៅលើអ៊ុយក្រែន។ គួរបញ្ជាក់ថា រដ្ឋាភិបាលអេស្ប៉ាញដែលដឹកនាំដោយលោក Sanchez បានរងនូវការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់អ៊ីស្រាអែល ក្រោយពេលដែលលោកបានបង្ហាញការទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋឯករាជ្យ និងរិះគន់ទៅលើប្រតិបត្តិការយោធារបស់អ៊ីស្រាអែលទល់នឹងក្រុមប្រយុទ្ធហាម៉ាស។
ក្នុងកិច្ចប្រជុំលើកទី៧៥ របស់អង្គការណាតូនៅរដ្ឋធានីវ៉ាស៊ីនតោន លោក Pedro Sanchez ថ្លែងថា៖ "ប្រសិនបើយើងប្រាប់ប្រជាជនរបស់យើងថា យើងកំពុងគាំទ្រអ៊ុយក្រែនពីព្រោះយើងកំពុងការពារច្បាប់អន្តរជាតិ នេះគឺដូចគ្នាទៅនឹងអ្វីដែលយើងត្រូវធ្វើចំពោះបញ្ហាដែលកំពុងកើតមាននៅតំបន់ហ្គាហ្សា"។ មេដឹកនាំអេស្ប៉ាញរូបនេះលើកឡើងថា គេគួរតែមានការអនុវត្តគោលនយោបាយបែបប្រាកដប្រជាមួយ ដែលមិនមែនជាការអនុវត្តស្ដង់ដារពីរនោះឡើយ។
លោក Sanchez បញ្ជាក់ថា ពិភពលោកចាំបាច់ត្រូវជ្រើសយកការបញ្ឈប់វិបត្តិមនុស្សធម៌ដ៏អាក្រក់ដែលកំពុងតែប៉ះពាល់ដល់ប៉ាឡេស្ទីននេះ ហើយបានអំពាវនាវឱ្យមានសន្និសីទសន្តិភាពអន្តរជាតិមួយ ដើម្បីជំរុញឱ្យមានរដ្ឋប៉ាឡេស្ទីន។ លោកថ្លែងថា៖ "យើងត្រូវបង្កើតលក្ខខណ្ឌសម្រាប់បទឈប់បាញ់បន្ទាន់ និងត្រូវអនុវត្តភ្លាមៗ"។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានរំលេចថាហានិភ័យពិតប្រាកដនឹងកើនឡើងទៅកាន់ប្រទេសជិតខាងគឺលីបង់។
នាយករដ្ឋមន្រ្តីអេស្ប៉ាញបញ្ជាក់់ថា លោកគាំទ្រលទ្ធិប្រជាធិបតេយ្យ សេរីភាព និងសិទ្ធិក្នុងការមានប្រទេសស្របច្បាប់មួយដូចជាលោកកំពុងគាំទ្រលើប្រទេសអ៊ុយក្រែនយ៉ាងដូច្នោះដែរ៕