ភ្នំពេញ៖ គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេដើម្បី អភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បានបើកកិច្ចប្រជុំលើកទីបីរបស់ខ្លួន នៅថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ ២០២៤ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដើម្បីពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាង «ផែនការមេដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» និង «ផែនការសកម្មភាព» មុននឹងដាក់ជូនរាជរដ្ឋាភិបាលអនុម័តដាក់ឱ្យអនុវត្តនាពេលខាងមុខ។
អញ្ជើញចូលរួមមានថ្នាក់ដឹកនាំអន្តរក្រសួង អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួងស្ថាប័នពាក់ព័ន្ធ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយគូសបញ្ជាក់ថា នេះជាព្រឹត្តិការដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ស្របតាម “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១” ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត។
ផែនការមេនេះមានគោលបំណងប្រែក្លាយក្រុងព្រះសីហនុទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់ ជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍សង្គម និងការការពារបរិស្ថានប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះ, «ផែនការមេ» នេះ មានចក្ខុវិស័យរយៈពេលវែង ឆ្ងាយ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជា៖
ទី១. ច្រកទ្វារអន្តរជាតិរបស់ប្រទេសកម្ពុជា ដោយប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុ មធ្យោបាយ និង ឡូជីស្ទិក, មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ
ទី២. ប៉ូលអភិវឌ្ឍន៍ជាតិ ដោយប្រែក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់ សកលលោក, មជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិសម្រាប់ នវានុវត្តន៍បច្ចេកវិទ្យា និង
ទី៣. ទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ជាមួយនឹងកិត្តិនាមជាទីក្រុងគំរូបៃតងប្រកបដោយចីរភាព, ចម្រុះវប្បធម៌ និងឆ្លាតវៃ ។
ដើម្បីសម្រេចបានចក្ខុវិស័យនេះ, «ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង» នឹងអនុវត្តជាពីរដំណាក់កាលគឺ៖
ដំណាក់កាលទី ១ “២០២៥-២០២៨”៖ ផ្តោតលើការធ្វើសមាហរណកម្មខេត្តព្រះសីហនុទៅ ក្នុងប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់, ការពង្រីកមុខងារភស្តុភារកម្ម និងវិស័យទេសចរណ៍ព្រមទាំង ការធ្វើឱ្យប្រសើរឡើងនូវទីក្រុងចាស់ ដែលមានតម្លៃបន្ថែមខ្ពស់ ។ និងអភិវឌ្ឍតំបន់ថ្មីរួមទាំងការទាក់ទាញការវិនិយោគ
ដំណាក់កាលទី ២ “២០២៩-២០៣៨”៖ ខេត្តព្រះសីហនុនឹងពង្រឹងតួនាទីរបស់ខ្លួនជាច្រកទ្វារ ជាតិ និងជាទីក្រុងមជ្ឈមណ្ឌលក្នុងតំបន់ លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម ការដឹកជញ្ជូន និងបច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍខ្លួនទៅជាទីក្រុងពហុមុខងារ សមស្របសម្រាប់សហ គ្រិនភាព ទីក្រុងបៃតង និងទីក្រុងឆ្លាតវៃ ព្រមទាំងជាខេត្តដែលមានចំណូលខ្ពស់ប្រកបដោយវិបុលភាព ។
ជាលទ្ធផល, អង្គប្រជុំបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំសេចក្តីព្រាង «ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» និង «ផែនការ សកម្មភាព» ។ ទន្ទឹមនេះ, អង្គប្រជុំបានធ្វើការពិភាក្សាលើចំណុចសំខាន់ៗមួយចំនួន និងបានស្នើឱ្យក្រុម ការងារពិនិត្យបន្ថែម លើការប្រើប្រាស់ពាក្យពេជន៍នៅក្នុងផ្នែកខ្លះរបស់ឯកសារ ដើម្បីឱ្យមានសង្គតិភាព ។
កិច្ចប្រជុំបានបញ្ចប់ដោយមានការកោតសរសើរចំពោះសេចក្តីព្រាងផែនការមេ និងផែនការសកម្មភាព ដោយមានការពិភាក្សាលើការកែលម្អទិដ្ឋភាពមួយចំនួនដើម្បីឱ្យមានភាពច្បាស់លាស់ និងស៊ីសង្វាក់គ្នា៕